ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាលខេត្តរតនគិរីបានបញ្ជាក់ថា គិតមកទល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១នេះ នៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ។ ទាំងនេះអាស្រ័យដោយបងប្អូនប្រជាពលរដ្ឋ មានការយល់ដឹង និងសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអនុវត្តបាននូវវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតនៃយើង។ នាពេលខាងមុខនេះតាមប្រពៃណី ទំនៀមទម្លាប់បងប្អូនកាត់សែស្រឡាយចិន នឹងត្រូវធ្វើដំណើរទៅជួបជុំបងប្អូនសាច់ញាតិនៅស្រុកកំណើត ឬទីកន្លែងផ្សេងៗទៀតក្នុងប្រទេស។ ស្របពេលបច្ចុប្បន្នករណីជំងឺកូវីដ-១៩ កំពុងវាយលុកខ្លាំងក្នុងសហគមន៍ និងបានរកឃើញជាបន្តបន្ទាប់ ព្រមទាំងមានករណីស្លាប់មួយចំនួនផងដែរ។
ដើម្បីបង្ការបានពីហានិភ័យ និងកុំឲ្យមានវិប្បដិសារី ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាគិតគូរឡើងវិញអំពីភាពចាំបាច់នៃការសែនព្រេនតាមប្រពៃណី និងហានិភ័យនៃជំងឺកូវីដ-១៩ ដោយផ្អាកការធ្វើដំណើរទៅសែនផ្នូរ(ឆេងម៉េង) ដើម្បីបង្ការការចម្លង ព្រោះយើងមិនអាចមើលឃើញថា ជំងឺកូវីដ-១៩ នៅទីណាខ្លះនោះឡើយ។ ក្នុងករណីបងប្អូនធ្វើដំណើរទៅដោយខានពុំបាន ពេលត្រឡប់មកវិញ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្តល់ព័ត៌មានពិតប្រាកដអំពីទីតាំងដែលបានទៅ និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះរយៈពេល ១៤ថ្ងៃ ក្រោមការតាមដានសុខភាពពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានជាកំហិត។
សូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងវិធានការត្រួតពិនិត្យចលនាប្រជាពលរដ្ឋចេញ-ចូល នៅដើមទី លើផ្លូវជាតិលេខ៧៦ ស្រុកលំផាត់ និងផ្លូវជាតិលេ៧៨ ស្រុកកូនមុំ និងនៅគ្រប់មូលដ្ឋានទាំងអស់។
លោក អភិបាលខេត្តជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងមានការសហការល្អ ចូលរួមដើម្បីការពារអាយុជីវិតយើង និងមនុស្សជាទីស្រលាញ់របស់យើង ហើយយើងនឹងឆ្លងផុតពីជំងឺរាតត្បាតដ៏អាក្រក់ទាំងអស់នេះទាំងអស់គ្នា។ (ខ្ញុំជឿថាខ្មែរអាចធ្វើបាន)៕
ប្រភព ៖ ទទក