ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ គឺជាលើកទី៨ហើយនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងនោះបានបង្ហាញអារម្មណ៍សប្បាយរីករាយជាមួយនឹងការថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបាននិងកំពុងផ្តល់វ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ជូនដល់ពួកគាត់។
លោក នួន ភាព អាយុ៧០ឆ្នាំ រស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក បានឱ្យដឹងថា ក្រោយគាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គាត់មានអារម្មណ៍មិនសូវភិតភ័យ សប្បាយរីករាយ ព្រោះកូវីដ-១៩ជាជំងឺកាចសាហាវ ហើយរីករាលដាលលឿននៅទូទាំងពិភពលោក។
លោក នួន សុភាព បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលមានចិត្តសន្តោសប្រណី ជាពិសេសគឺរូបលោកផ្ទាល់មានចិត្តត្រេកអរដល់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោជាប្រមុខដែលបានជួយប្រជាជនយើងគ្រប់ស្រទាប់វណ្ណៈ។
លោក នួន សុភាព ក៏សូមឲ្យប្រជាពលរដ្ឋយើងដែលមានអាយុចាប់ពី៦០ឆ្នាំឡើងមកទទួលការចាក់វ៉ាក់សាំងទាំងអស់គ្នា ពីព្រោះការចាក់វ៉ាក់សាំងនេះគឺជាការការពារអាយុជីវិតយើង ។លោកបន្តថា ទោះបីជាយើងបានចាក់វ៉ាក់សាំងហើយក្តី គឺយើងត្រូវតែពាក់ម៉ាស់ទាំងអស់គ្នា ហើយជាពិសេសសូមឲ្យប្រជាពលរដ្ឋយើងស្តាប់សាររបស់រាជរដ្ឋាភិបាលផងដែរ។
ចំណែកលោក ឡេង សាមឿន អាយុ៦៤ឆ្នាំ រស់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក បានឱ្យដឹងថា គាត់មានអារម្មណ៍សប្បាយដែលបានចាក់វ៉ាក់សាំង ដើម្បីការពារសុខភាពរបស់គាត់។លោក ឡេង សាមឿន បានកោតសរសើរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានជួយប្រជាពលរដ្ឋពេលកំពុងជួបវិបត្តិជំងឺកូវីដ-១៩។
លោកឡេង សាមឿន ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋយើងនៅទូទាំងរាជធានីខេត្តឲ្យចេះការពារនូវវិធានការបីកុំ បីការពារឲ្យបានល្អ ដើម្បីសុខភាពយើង។
លោក លី គីមហុង អាយុ៦១ឆ្នាំ រស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានឱ្យដឹងថា ដោយសារតែគាត់យល់ឃើញថាវ៉ាក់សាំងនេះល្អទើបគាត់មកចាក់ ។លោកក៏សូមថ្លែងអំណរគុណដលរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ឲ្យបានចាក់វ៉ាក់សាំងដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទួលគោកដែលមានអាយុចាប់ពី៦០ឆ្នាំឡើងមានជាង១ម៉ឺន២ពាន់នាក់ មកពី១០សង្កាត់ ហើយសម្រាប់មណ្ឌលសុខភាពទួលគោក គឺមានតែប្រជាពលរដ្ឋនៅក្នុងខណ្ឌទួលគោកប៉ុណ្ណោះទើបមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះបាន។
ចំណែកលោក អឿន អាត ជាប្រធានគ្រូពេទ្យនៅមណ្ឌលសុខភាពទួលគោកបានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះគឺមានរយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៣មកដល់ថ្ងៃទី៥ខែមេសា។ បើគិតចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩ មីនា គឺក្រុមការងារគ្រូពេទ្យរបស់គាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងបាន៣,៦៣៦នាក់។
លោក អឿន អាត ជាប្រធានគ្រូពេទ្យនៅមណ្ឌលសុខភាពទួលគោក ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយប្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ហើយបន្តអនុវត្តនូវវិធានការ៣កុំ និង៣ការពារ។
ជាមួយគ្នានោះដែរ ទោះបីជាបុគ្គលម្នាក់ៗបានទទួលវាក់សាំងហើយក្តី ក៏ត្រូវតែបន្តចូលរួមអនុវត្តវិធានសុខាភិបាល ត្រួតពិនិត្យ និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គមដោយបន្តអនុវត្តនូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃ គ្នា កុំកៀកស្មាគ្នា) ដែលបានដាក់ចេញឱ្យអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ ក្នុងសហគមន៍ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ផងដែរថា បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដល់ក្រុមពលរដ្ឋដែលមានអាយុ ៦០ឆ្នាំឡើងទៅនៅមជ្ឈមណ្ឌលសុខភាពទួលគោកដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោគ៕ដោយ៖ ជ្រោយពេជ្រ