ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នសណ្ឋាគារ កាស៊ីណូប៉ាវឌីង មានទីតាំងស្ថិតនៅវិថីលំហែព្រះភូមិន្ទ(ផ្លូវលេខ៤០០) និងដាក់ជាមណ្ឌលចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោកស្រី តែ តិចហៀង ម្ចាស់សណ្ឋាគារ កាស៊ីណូប៉ាវឌីង ស្ថិតនៅវិថីលំហែព្រះភូមិន្ទ(ផ្លូវលេខ៤០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កម្មវត្ថុ៖ ស្តីពីការផ្អាកជាបណ្តោះអាសន្នសណ្ឋាគារ កាស៊ីណូប៉ាវឌីង ស្ថិតនៅវិថីលំហែ ព្រះភូមិន្ទ( ផ្លូវលេខ៤០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជា មណ្ឌលចត្តាឡីស័ក ។
យោង៖- អនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាលដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
-តាមការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ។
តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោកស្រី ឱ្យបានជ្រាបថា៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកតេស្តពីបុរសម្នាក់ដែលបានស្នាក់នៅ និងធ្វើការនៅ សណ្ឋាគារប៉ាវឌីង ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១មក ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យ លោកស្រី ផ្អាកជាបណ្តោះអាសន្នការចេញ ចូលសណ្ឋាគារ កាស៊ីណូនោះ ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវ ថ្មីចូលទៅកំសាន្ត ស្នាក់នៅ ហើយក៏មិន អនុញ្ញាតឱ្យមនុស្សដែលកំពុងស្នាក់នៅក្នុងទីតាំងនោះចេញ-ចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ឡើយ។ ក្រុមការងាររដ្ឋបាលខេត្តនឹងរៀបចំទីតាំងនេះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខា ភិបាលខេត្តនឹងយកវត្ថុសំណាកពីអ្នករស់នៅក្នុងទីតាំងនោះទាំងអស់ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។
ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទនៅក្នុងទីតាំងនោះ ជាបណ្តោះ អាសន្ន និងដាក់ជា មណ្ឌលចត្តាឡីស័ក ចាប់ពីពេលជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងដំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងសណ្ឋាគារ កាស៊ីណូប៉ាវឌីងត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីសំកគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណី លោកស្រី មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន។ អាស្រ័យហេតុនេះសូម លោកស្រី អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖