ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យឲ្យនាយចឺមនិងក្រុមគ្រួសារជាង១០នាក់ត្រឡប់ទៅផ្ទះវិញក្រោយធ្វើចត្តាឡីស័កនិងលទ្ធផលធ្វើតេស្តអវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ តារាចម្រៀងនិងជាតារាកំប្លែង នាយ ចឺម បានបញ្ជាក់កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា ក្រុមគ្រួសាររបស់លោក រួមទាំងរូបលោកផ្ទាល់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ពោលគឺចេញពីកន្លែងធ្វើចត្តាឡីស័កតាំងពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១មកម្ល៉េះ។
គេចាំបានដែរថា នាយ ចឺម និងក្រុមគ្រួសារដែលមានសមាជិកសរុប១៣នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីកន្លែងធ្វើចត្តាឡីស័កត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីលទ្ធផលចុងក្រោយបង្ហាញថាមិនមានកូវីដ-១៩ទាំង១៣នាក់។លោកថា ក្រោយឆ្លងកាត់ការធ្វើតេស្តសំណាកចំនួន២ដងរួចមកគឺអវិជ្ជមានទាំងអស់គ្នា និងមានសុខភាពជាធម្មតាដែរ ប៉ុន្តែបន្តទៀតគឺធ្វើចត្តាឡីស័កនៅផ្ទះផ្ទាល់ខ្លួនឯស្រុកកំណើតដែលស្ថិតនៅក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពងស្ពឺ។
កាលពីថ្ងៃទី១៦ ខែ មីនា កន្លងទៅនាយចឺម និងសមាជិកគ្រួសារសរុបជាង១០ នាក់ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តទៅធ្វើចត្តាឡីស័កនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីតាមដានពិនិត្យសុខភាពបើទោះជាតារាចម្រៀងរូបនេះនិងសមាជិកគ្រួសារ មិនមានអ្នកណាម្នាក់លេចចេញរោគសញ្ញាសង្ស័យថាកើតជំងឺកូវីដ១៩និងខកខានក្នុងការជួបជាមួយអ្នកនាងស្រី
អុីតជាមីងដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៣ខែមីនាកន្លងទៅក្តី។
ជាមួយគ្នានេះលោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកគាំទ្រមួយចំនួនកុំឲ្យមានការយល់ច្រឡំថា ក្រុមគ្រួសាររបស់លោកមានជំងឺកូវីដ-១៩ អី ព្រោះមានមហាជនជាច្រើនមានការបារម្ភនិងយល់ច្រឡំថា រូបលោកនិងគ្រួសារមានជំងឺនេះ តែការណ៍ពិតគឺមិនមានទេ។ទោះជាយ៉ាងណា អ្នកនាង ស្រេង ចិន្តា ហៅស្រីអុីតនៅបន្តព្យាបាលជំងឺកូវីដ-១៩ នៅអតីតសណ្ឋាគារThe Great DuK ដដែល។
គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់១០៥នាក់ ក្នុងនោះករណីនាំចូលម្នាក់ និង១០៤នាក់សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។គិតត្រឹម ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ២៣៧៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៧៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១១៨៦នាក់, ស្លាប់ចំនួន១១នាក់ និង៤នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

ដោយ៖វឌ្ឍនា


ចែករំលែក៖