សំរាមជាច្រើនត្រូវបានចោលរាយប៉ាយពេញផ្លូវក្នុងទីក្រុង Yangon នៅថ្ងៃទី៣០ ខែមីនា ។ សកម្មភាពខាងលើកើតឡើងក្រោយក្រុមសកម្មជនអំពាវនាវដល់ពលរដ្ឋចូលរួមធ្វើបាតុកម្មសំរាមប្រឆាំងយោធា ខណៈមានអ្នកស្លាប់កើនឡើងខ្ពស់។
អង្គការជួយអ្នកទោសនយោបាយ AAPP បានឱ្យដឹងថាយ៉ាងហោចណាស់ក៏មានពលរដ្ឋ១៤នាក់ស្លាប់នៅក្នុងការធ្វើបាតុកម្ម នៅថ្ងៃទី២៩ ខែមីនា ក្នុងនោះមាន៨នាក់ស្ថិតនៅក្នុងទីក្រុង Yangon ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មានរ៉យទ័រថា កម្លាំងសន្តិសុខក្នុងតំបន់បានប្រើប្រាស់អាវុធធុនធ្ងន់វាយប្រហារទៅលើ ក្រុមបាតុករ បើទោះបីក្រុមបាតុករបានយកបាវខ្សាច់ធ្វើជារនាំងការពារក្តី។
នៅថ្ងៃទី ៣០ ខែមីនា អង្គការ AAPP បានឱ្យដឹងថា មានមនុស្ស៥១០នាក់ហើយបានស្លាប់ ចាប់តាំងពីលោកស្រីអោងសាន ស៊ូជីត្រូវកម្លាំងទាហានចាប់ខ្លួនក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។
នៅថ្ងៃទី៣០ខែមីនា ក៏មានបាតុកររាប់សិបពាន់នាក់បន្តធ្វើបាតុកម្មប្រឆាំងយោធានៅតាមបណ្តាទីក្រុងធំៗក្នុងប្រទេសនេះ។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ ឬរងរបួសក្នុងការធ្វើបាតុកម្ម នាថ្ងៃទី ៣០ ខែមីនា ឡើយ៕ ដោយ៖ធីរីណា
រូបភាព៖Reuters
រូបភាព៖ EPA