ខេត្តស្វាយរៀង៖ លោកតាអាយុ៨៣ឆ្នាំ ម្នាក់គិតខ្លីបានចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនិងបានទាក់ទងទៅសមត្ថកិច្ចឱ្យមកពិនិត្យសពភ្លាមៗបន្ទាប់ពីក្រុមគ្រួសារកូនចៅរបស់សពអះអាងថាឪពុកនិងជីតារបស់ពួកគាត់មានជំងឺលើសឈាមនិងវង្វេងស្មារតី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាលោកតាដែលគិតខ្លីមានឈ្មោះ អ៊ូ យ៉េន អាយុ៨១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្រោយពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានរួចមក សមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងលោកព្រំ សំអុល ប្រធានមណ្ឌលសុខភាពពពែតបានមកពិនិត្យសពហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែនដោយបានយកខ្សែអង្រឹងពណ៌ប្រផេះចងភ្ជាប់នឹងធ្នឹមក្នុងបន្ទប់ទឹកខណៈមិនមានស្លាកស្នាមអ្វីដែលបញ្ជាក់ថាជារឿងឃាតកម្មអ្វីនោះទេ។
បើតាមក្រុមគ្រួសារអះអាងថា លោកតា អ៊ូ យ៉េន មានជំងឺលើសឈាមនិងវង្វេងស្មារតីខណៈក្រុមគ្រួសារជាប់រវល់ធ្វើការងារផ្ទះមិនបានចាប់អារម្មណ៍ស្រាប់តែនៅវេលាកើតហេតុប្រទះឃើញលោកតាចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន