ម្ចាស់ជើងឯកអូឡាំពិករត់ចម្ងាយ៤០០ម៉ែត្រ កីឡាករ Wayde van Niekerkរបស់អាហ្វ្រិកខាងត្បូងបានបង្កើនការវិលត្រឡប់ពីរបួសរយៈពេលវែងដោយទទួលបានជ័យជំនះលើចម្ងាយ២០០ម៉ែត្រនៅឯព្រឹត្តិការណ៍ ASA AthletixInvitational កាលពីថ្ងៃអង្គារ ទី៣០ មីនាម្សិលមុិញ។
Wayde van Niekerk បានប្រកួតស្ទើរតែមិនធ្លាប់មានចាប់តាំងពីបានរងរបួសនៅក្នុងការប្រកួតកម្មវិធីសប្បុរសធម៌មួយនៅក្នុងខែតុលា ឆ្នាំ២០១៧ ប៉ុន្តែបានប្រកាសថា ខ្លួនគាត់មានសមត្ថភាពពេញលេញបន្ទាប់ពីបានឈ្នះក្នុងរយៈពេល២០.១០វិនាទី ។ នេះបើយោងតាមរ៉យទ័រដែល CNA យកមកផ្សាយនៅព្រឹកថ្ងៃទី៣១ មីនានេះ។
កីឡាកររូបនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីអត្តពលិកអាហ្វ្រិកខាងត្បូងថា “នេះពិតជាផ្តល់ទំនុកចិត្តដល់ខ្ញុំដែលខ្ញុំមិនមានពីមុន។ វាជារឿងមួយដែលហ្វឹកហាត់បានល្អ ប៉ុន្តែវាជារឿងខុសគ្នាដែលអនុវត្ត ដែលការប្រកួតក្នុងកម្មវិធីនេះ ខុសពីការប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក” ។
Van Niekerk បានបំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ៤០០ម៉ែត្រ របស់កីឡាករ Michael Johnson ក្នុងព្រឹត្តិការណ៍អូឡាំពិក Rio de Janeiro កាលពីឆ្នាំ២០១៦ ដើម្បីទទួលបានមេដាយមាសក្នុងល្បឿន ៤៣.០៣វិនាទី។
កីឡាកររូបនេះបានប្រកាសកាលពីខែមុនថា រូបគេនឹងផ្លាស់ទៅសហរដ្ឋអាមេរិកដើម្បីហ្វឹកហាត់ក្រោមការបង្ហាត់បង្ហាញដ៏ល្បីល្បាញរបស់លោក Lance Brauman រួមជាមួយម្ចាស់ជើងឯកពិភពលោក២០០ ម៉ែត្រអាមេរិក Noah Lyles និងម្ចាស់ជើងឯកអូឡាំពិកចម្ងាយ៤០០ម៉ែត្រ ShauneMiller-Uibo របស់ក្រុមបាណាម៉ាផងដែរ៕
ដោយ៖ភារៈ(រូបថត៖រ៉យទ័រ)