ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសថា មកទល់នឹងពេលវេលានេះ ខេត្តស្ទឹងត្រែង ពុំទាន់ទទួលគោលការណ៍ដឹកនាំ និងដាក់ចេញវិធានការណាមួយឲ្យមានការបិទការធ្វើដំណើរចេញ ចូល ក្នុងមូលដ្ឋាន និងបិទផ្នែកណាមួយ នៃខេត្តនៅឡើយទេ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា,ក្នុងឱកាសដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជីវករ ម្ចាស់ក្រុមហ៊ុន និង ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង កំពុងចូលរួមអនុវត្តវិធានការសុខាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្ត របស់រាជរដ្ឋាភិបាលកម្ពុជា បានយ៉ាងសកម្ម និងល្អប្រសើរនោះ រដ្ឋបាលខេត្តស្ទឹងត្រែង សូមប្រកាសជម្រាបជូន សាធារណជនក្នុងខេត្ត និងក្រៅខេត្ត មេត្តាជ្រាបដូចតទៅ៖

១- មកទល់នឹងពេលវេលានេះខេត្តស្ទឹងត្រែង ពុំទាន់ទទួលបានគោលការណ៍ដឹកនាំ និងដាក់ ចេញនូវវិធានការណាមួយឲ្យមានការបិទការធ្វើដំណើរចេញចូលក្នុងមូលដ្ឋាន និងបិទផ្នែកណាមួយនៃ ខេត្តនៅឡើយទេ ពោលគឺការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនប្រព្រឹត្តទៅជាធម្មតា ប៉ុន្តែ
ត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល និងច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមានឲ្យបានម៉ឺងម៉ាត់។
២- ចំពោះការប្រតិបត្តិវិធានការចត្តាឡីស័ក សូមអនុវត្តទៅតាមស្មារតីសេចក្តីជូនដំណឹងលេខ ១៧៥/២១សជណ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រហូតមានការជូនដំណឹងថ្មី។ ទន្ទឹមនេះរដ្ឋបាលខេត្ត សូមធ្វើការក្រើនរលឹក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមអនុវត្តវិធាន សុខាភិបាល និងផ្តល់ព័ត៌មានពិតប្រាកដ ដើម្បីធានាការគ្រប់គ្រងបានសុខភាពសាធារណៈ ការប៉ះពាល់ ដល់អាយុជីវិត ការខាតបង់ធនធានទ្រព្យសម្បត្តិ និងជីវភាពរស់នៅក្នុងបរិបទនៃបញ្ហាជំងឺកូវីដ-១៩។
៣- នៅតាមទីតាំងព្រំប្រទល់ខេត្តស្ទឹងត្រែង ជាមួយនឹងខេត្តផ្សេងទៀតតាមដងផ្លូវជាតិចូលខេត្ត និងច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ព្រមទាំងច្រករបៀងមួយចំនួនទៀត គឺពិតជាមានការត្រួតពិនិត្យ ត្រឹមត្រូវនូវស្ថានភាពសុខភាពអ្នកដំណើរគ្រប់រូប និងសន្តិសុខសណ្តាប់ធ្នាប់ ដូច្នេះសូមប្រជាពលរដ្ឋ និង អ្នកដំណើរចូលរួមសហការអនុវត្ត ជាមួយមន្ត្រីសុខាភិបាល និងមន្រ្តីមានសមត្ថកិច្ចជំនាញកំពុងបំពេញ ការងារតាមគោលដៅទាំងនោះ។ ដោយឡែកចំពោះការកំណត់ឲ្យអ្នកដំណើរណាម្នាក់ធ្វើចត្តាឡីស័កនៅ មណ្ឌលចត្តាឡីស័ក ឬនៅមូលដ្ឋាន គឺត្រូវស្ថិតក្នុងលក្ខណៈវិនិច្ឆ័យសុខាភិបាល មានការផ្តល់ការប្រឹក្សា យោបល់បច្ចេកទេសពីមន្ត្រីជំនាញសុខាភិបាល និងមានគោលការណ៍សម្រេចពីថ្នាក់ដឹកនាំខេត្ត។
៤- ការប្រតិបត្តិរាល់វិធានការ និងភារកិច្ចនៅតាមទីតាំងគោលដៅខាងលើនេះ ពុំត្រូវធ្វើឲ្យមាន ការកកស្ទះ ឬប៉ះពាល់ដល់ការធ្វើដំណើរចេញចូល ការដឹកជញ្ជូនក្នុងគោលដៅសេដ្ឋកិច្ចសង្គមឡើយ។

៥- អាជ្ញាធរមូលដ្ឋាន មន្ត្រីមានសមត្ថកិច្ច មន្រ្តីសុខាភិបាល និងផ្នែកពាក់ព័ន្ធត្រូវផ្សព្វផ្សាយ
សេចក្តីប្រកាសព័ត៌មាននេះឲ្យបានទូលំទូលាយ និងធានាការប្រតិបត្តិឲ្យមានប្រសិទ្ធភាពខ្ពស់។ សេចក្តីដូចបានប្រកាសព័ត៌មានជម្រាបជូននេះ សូមប្រជាពលរដ្ឋ សាធារណជន គ្រប់អ្នកពាក់ ព័ន្ធ និងផ្នែកមានសមត្ថកិច្ចទាំងអស់ជ្រាប និងចូលរួមអនុវត្តតាមគោលការណ៍កំណត់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖