ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំមួយគ្រឿងបើកចេញពីកន្លែងប៉ះកង់ទ្បើងមកមហាវិថី វិមានឈ្នះ=ឈ្នះខ្វះការប្រុងប្រយ័ត្ន បណ្តាលកៀរគ្នាជាមួយរថយន្តធុនធំមួយគ្រឿងទៀត ក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿងបើកចេញពីកន្លែងប៉ះកង់ ឡើងមកមហាវិថី វិមានឈ្នះ=ឈ្នះ ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅកៀរអូសរថយន្តធុនធំមួយគ្រឿងទៀតបណ្តាលឱ្យក្រឡាប់ផ្ងារជើងចាក់ថ្មរាយពេញផ្លូវ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយ មហាវិថី វិមានឈ្នះ=ឈ្នះ ក្នុងសង្កាត់ គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តៃកុងរថយន្តក្រឡាប់មានឈ្មោះ វី មុនី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿង ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 3A-6005 បើកដោយបុរសម្នាក់ ដឹកថ្មតូចៗពេញឡាន តាមបណ្តោយ មហាវិថីវិមានឈ្នះ=ឈ្នះ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំមួយគ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-4751 បើកដោយបុរសម្នាក់ ចេញពីកន្លែងប៉ះកង់ឡើងមកមហាវិថីវិមានឈ្នះ=ឈ្នះ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យកៀរគ្នារហូតរថយន្តធុនធំដែលដឹកថ្មបួងចង្កូតគេចឡើងលើសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងម្ខាង ចាក់ថ្មរាយពេញផ្លូវ បណ្តាលឱ្យរថយន្តដែលក្រឡាប់នោះ ដាច់កាឡេកង់ខាងមុខ និងរថយន្តមួយគ្រឿងទៀតរងការខូចខាតទ្រង់ខាងក្រោយ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។ ចំណែកតៃកុងរថយន្តដែលបើកឡើងពីកន្លែងប៉ះកង់ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចទីតាំងកើតហេតុរួចធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖