ភ្នំពេញ៖ លុយសុទ្ធ គ្រឿងពេជ្រ ទូរស័ព្ទម៉ាកiPhone ដាំពេជ្រ និងទ្រព្យសម្បត្តិជាច្រេីនទៀត សរុបទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ ជារបស់កូនស្រីលោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ត្រូវចោរជំនាញលបលួចចូលធ្វើសកម្មភាព ឡើងផ្លោះរបងបន្លាលួស រួចចូលផ្ដាច់ខ្សែភ្លើងដែលភ្ជាប់កាមេរ៉ាសុវត្ថិភាពខាងមុខផ្ទះ ចូលទៅដោះខ្ចៅកញ្ចក់ទ្វារចេញបានយ៉ាងស្ទាត់ជំនាញ រួចបើកទ្វារចូលក្នុងធ្វើសកម្មភាពយ៉ាងងាយស្រួល។ បន្ទាប់មករត់គេចខ្លួនបាត់ស្រមោលមិនរខានដល់ម្ចាស់ផ្ទះកំពុងដេកលង់លក់នោះទេ។
ហេតុការណ៍ចោរគាស់ផ្ទះនេះបានកើតឡើងកាលពីម៉ោង០៣និង០៣នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធទី៣១ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ១១៥F ផ្លូវម៉ាស៊ីនទឹក ជិតផ្លូវភ្លោះ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៍មានពីជនរងគ្រោះដែលជាម្ចាស់ផ្ទះឈ្មោះ ម៉ុង សុធា ជាកូនស្រីបង្កើតរបស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បានបង្ហោះរៀបរាប់លើហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ “Mong Sothea” ដែលមានខ្លឹមសារទាំងស្រុងថា “យប់ម៉ិញចោរបានចូលផ្ទះខ្ញុំយកកាបូបលុយ ទូរសព្ទ័២គ្រឿង ខ្សែរក បើឃើញចោរវាយកខ្សែក កាបូប និងទូរសព្ទ័ដូចរូបខាងក្រោមជួយរាយការណ៍ឲ្យជាបន្ទាន់ (នេះជារូបចោរដែលបានចូលផ្ទះសូមប្រយត្ន័ទាំងអស់គ្នា)*** សុំជួយស៊ែរតគ្នាផងដើម្បីចែករំលែកនិងមានការប្រុងប្រយត្ន័ ។
ដោយឡែកយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា សម្ភារនិងទ្រព្យសម្បត្តិដែលមានតម្លៃ ត្រូវចោរលួចយកទៅបាត់នោះរួមមាន៖ លុយដុល្លារ ៧ពាន់ដុល្លារ និងលុយខ្មែរជាង ៧លានរៀល, កាបូបតម្លៃ ជាង២ពាន់ដុល្លារ ចំនួន១, គ្រឿងអលង្ការ ខ្សែកពេជ្រចំនួន១ តម្លៃប្រហែល ០៦ម៉ឺនដុល្លារ, ទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាក iPhone X ១គ្រឿង និងម៉ាក iPhone ដាំពេជ្រ តម្លៃជាង១ម៉ឺនដុល្លារ ១គ្រឿង), ហើយទូរស័ព្ទដែលចោរលួចយកទៅមានគណនីយ ABA និង ACLEDA និងកាតធនាគារចំនួន ៣ទៀត ។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនបាត់ដោយសុវត្តិភាព ។ ចំណែកជនរងគ្រោះក៏បានត្រឹមតែសោកស្ដាយ និងដាក់ពាក្យបណ្ដឹងទៅនគរបាលខណ្ឌជ្រោយចង្វា ដេីម្បីធ្វេីការស្រាវជ្រាវស្វែងរកជនល្មេីសចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕ដោយ៖ស តារា