ខេត្តស្វាយរៀង៖ បុរសម្នាក់ខណៈស្រវឹងស្រាជោកនឹកចង់ក្លែមសាច់ត្រីបានចុះអូសត្រីនៅស្រះទឹកទួលអ្នកតាបណ្ដាលឱ្យលង់ស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយស្រង់លើកមកគោកដើម្បីជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
នៅចំណុចស្រះទឹកទួលអ្នកតាស្ថិតក្នុងភូមិអង្គស្វាយ ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះប៉ាង រិទ្ធី អាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ។
តាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើនេះមុនពេលកើតហេតុគឺបានផឹកស្រាក្នុងសភាពស្រវឹង ហើយបានដើរទៅស្រះទឹកទួលអ្នកតាដើម្បីអូសត្រីតែម្នាក់ឯង។ លុះ ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាបុរសខាងលើនេះលង់ទឹកទើប
បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ទៅជួយស្រង់បុរសរូបនេះលើកមកលើគោកជួយសង្គ្រោះ តែអកុសលហួសពេលទៅហើយ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ រួមជាមួយលោកវេជ្ជបណិ្ឌតសន សុខុម ជាគ្រូពេទ្យបង្អែកស្រុកស្វាយទាបបានពិនិត្យឃើញថា ជនរងគ្រោះពិតជាលង់ទឹកស្រះស្លាប់ប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។
សពបុរសខាងលើក្រោយពីពិនិត្យរួចសមត្ថកិច្ចស្រុកបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖យឹម សុថាន