ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៥និង៤៥នាទី បានបណ្តាល ឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន ៨ខ្នង ស្ថិតនៅក្នុងស្រុកចំនួន ២ ស្រុកថ្មពួក ស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះខូចធ្ងន់ចំនួន ២ខ្នង និងសម្ភារមួយចំនួនទៀត មិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ក្នុងភូមិសាស្រ្តទាំង២ មានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ និង៥១៤ ដោយនាំយកអំណោយស័ង្កសីរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជួយរុះរើ និងជួសជុលជូនប្រជាពលរដ្ឋឡើងវិញ។
កងកម្លាំងចុះជួយរួមមាន៖ កងពលតូចថ្មើរជើងលេខ៥១ ស្នងការនគរបាល អាជ្ញាធរមូលដ្ឋាន និងយុវជន ស.ស.យ.ក ស្រុក រួមគ្នាជួយប្រជាពលរដ្ឋជួបការលំបាក។
សូមបញ្ជាក់ថា៖ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅភារកិច្ចស្នូល និងប្រតិបត្តិការ បេសកកម្មទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ កងកម្លាំងអន្តរាគមន៍របស់កងពលក៏បានត្រៀមជាស្រេចក្នុងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗផងដែរ៕
ដោយ៖ សូរិយា