ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងចាប់ផ្តើមផ្តល់លិខិតឆ្លងដែនវ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

នៅថ្ងៃទី១ខែមេសា កូរ៉េខាងត្បូង បានផ្តល់លិខិតឆ្លងដែនវ៉ាក់សាំង ដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់ ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា សកម្មភាពផ្តល់លិខិតឆ្លងដែនវ៉ាក់សាំង គឺដើម្បីឲ្យពលរដ្ឋអាចធ្វើដំណើរឆ្លងដែនបានយ៉ាងងាយស្រួលទៅកាន់ប្រទេសផ្សេងទៀត ក្នុងដំណាក់កាលនៃការឆ្លងកូវីដ-១៩ ។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-kyun បានឱ្យដឹងថា បណ្តាញស្វ័យប្រវត្តិនៅលើទូរស័ព្ទដៃ និឹងអនុញ្ញាតឲ្យអ្នកដំណើរបរទេសបង្ហាញពីភស្តុតាងថាខ្លួនពិតជាបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ រួចរាល់ ។ ការផ្តល់កាតបៃតង គឺអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ វិលត្រឡប់មកជីវភាពរស់នៅធម្មតាវិញដូចកាលពីមុន ។
ការអនុម័តផ្តល់លិខិតឆ្លងដែនវ៉ាក់សាំង គឺជាប្រធានបទបង្កវិវាទ នៅក្នុងប្រទេសជាច្រើន ក្នុងនោះមានប្រទេសចិនជាដើម និងប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប។ ប្រទេសជាច្រើននៅអឺរ៉ុបបានជំរុញឲ្យមានលិខិតឆ្លងដែនវ៉ាក់សាំង ដើម្បីជាការងាយស្រួលធ្វើដំណើរទេសចរណ៍នៅក្នុងក្នុងតំបន់ ដែលជាសកម្មភាពដំណើរការសេដ្ឋកិច្ចឡើងវិញ។
នៅពេលនេះដែរកូរ៉េខាងត្បូង បានពង្រីកការចែកចាយនិងចាក់វ៉ាក់សាំង Pfizer/BioNTech ដល់ពលរដ្ឋដែលមានអាយុ៧៥ឆ្នាំឡើងទៅ ។ មានពលរដ្ឋដល់ទៅ៨៦ភាគរយក្នុងចំណោមពលរដ្ឋ៣,៥លាននាក់មានអាយុចាប់ពី ៧៥ឆ្នាំឡើងទៅមានបំណងទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។
កូរ៉េខាងត្បូង ចាប់ផ្តើមចាក់វ៉ាក់សាំងជូនពលរដ្ឋចាប់ពីថ្ងៃទី២៦ខែមីនា ហើយមកទល់ពេលនេះបានចាក់ជូនពលរដ្ឋ ៨៧៧ពាន់នាក់ហើយ។ កូរ៉េខាងត្បូង បានកំណត់គោលដៅចាក់ជូនពលរដ្ឋឲ្យបាន ១២លាននាក់ នៅក្នុងខែ មិថុនាឆ្នាំ២០២១នេះ ហើយដល់ខែវិច្ឆិកា នឹងចាក់ជូនពលរដ្ឋទាំងអស់ ។ បច្ចុប្បន្នកូរ៉េខាងត្បូង មានករណីឆ្លងកូវីដ-១៩ចំនួន ១០៣ពាន់នាក់ ក្នុងនោះស្លាប់ ១៧៣៥នាក់ ៕ ដោយ៖ធីរីណា

រូបភាព៖ vietnamnet


ចែករំលែក៖