ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះថា ស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងខេត្តស្វាយរៀងមិនទាន់ថមថយនៅឡើយទេ ដោយគិតមកដល់ពេលនេះបានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន៥៥នាក់ ខណៈមានអ្នកជាសះស្បើយត្រឹមតែ២នាក់ប៉ុណ្ណោះ។
លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ទៀតថា ទាក់ទងនឹងការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នេះដែរ អាជ្ញាធរក៏បានរកទីតាំងបន្ថែមសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងត្រៀមទុកសម្រាប់អ្នកជំងឺដែលឆ្លងជាបន្តបន្ទាប់ទៀតផងដែរ។
ខេត្តស្វាយរៀង បានបិទទីតាំងជាច្រើនកន្លែងដែលមានមនុស្សពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលជាច្រើននាក់ ដែលកំពុងធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យ ក្នុងនោះដែរក៏មានលោកអភិបាលរងក្រុងស្វាយរៀងម្នាក់ក៏បានឆ្លងជំងឺកូវីដ-១៩នេះផងដែរ។
សូមបញ្ជាក់ដែរថា សម្រាប់ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែមេសា ម្សិលមិញនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង-ស្រុក ទូទាំងខេត្តស្វាយរៀងទៅតាមពេលវេលា និងទីកន្លែងដែលរដ្ឋបាលក្រុង ស្រុក បានបែងចែកដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ហើយកន្លងទៅនេះអាជ្ញាធរ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងដំណាក់កាលទី១ជូនដល់កងកម្លាំងទាំងបីប្រភេទមាននគរបាល ទាហាន កងរាជអាវុធហត្ថ មន្ត្រីរាជការបានជាង៤០០០នាក់ហើយ និងបន្តចាក់បន្តបន្ទាប់ទៀតនៅទូទាំង៨ស្រុក ក្រុង ក្នុងខេត្តនេះផងដែរ៕ដោយ៖ យឹម សុថាន