ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ០៥ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១លោក ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៥ រួមនិងគណៈប្រតិភូ និងមានការអមដំណើរដោយលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនពលករដែលមកពីប្រទេសថៃ វៀតណាម ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កក្នុងអគារអន្តេវាសិកដ្ឋាន នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ និងនៅសណ្ឋាគារ សេវិនដេអ៊ិន ក្នុងទីរួមខេត្តតាកែវ។
ក្នុងឱកាសនោះដែរ លោកខៀវ មុត បានធ្វើការណែនាំទៅដល់បងប្អូន កំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមបងប្អូន ប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ សម្តេចតេជោ ហ៊ុនសែន ៣កុំនឹង៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង ។
ជាមួយគ្នានេះដែរ លោកខៀវ មុត ក៏បានណែនាំបន្ថែមទៅដល់មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាឱ្យបានខ្ពស់លើការងាររបស់ខ្លួន ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហើយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដើរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈ ពេល១៤ថ្ងៃ ត្រូវអនុវត្តអោយបានល្អប្រសើរ ដើម្បីអោយសហគមន៍របស់យើង យកឈ្នះ កូវីដ-១៩ ៕
ដោយ៖ សូរិយា