ព័ត៌មានទាន់ហេតុការណ៍៖

ឌីជេ ក្តិប បង្ហាញអាការៈហត់ខ្លាំងគួរឲ្យបារម្ភទោះលទ្ធផលអវិជ្ជមានកូវីដ-១៩ក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖ អ្នកចម្រៀង និងជាអ្នកនិពន្ធប្រចាំផលិតកម្មហង្សមាស លោក ចាន់ សំណាងហៅ ឌីជេ ក្តិបដែលគេសង្ស័យថាលោកអាចនឹងមានផ្ទុកជំងឺកូវីដ-១៩ ក្រោយពីលោកបានធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តសៀមរាប និងលេចចេញអាការៈសង្ស័យមួយចំនួនដែលស្រដៀងគ្នាទៅនឹងរោគសញ្ញា នៃជំងឺផ្លូវដង្ហើមមួយនេះ។ 

ប៉ុន្មានថ្ងៃមុនេះលេចចេញដំណឹងដ៏គួរឲ្យព្រួយបារម្ភពីស្ថានភាពជំងឺកូវីដ-១៩ និងបានធ្វើឲ្យអ្នករួមអាជីពមានការព្រួយ បារម្ភនោះគឺសុខភាពរបស់លោកហាក់ចុះខ្សោយជាងគ្រាមុនកាន់តែខ្លាំង បើទោះបីជាពេលនេះលោកនៅមិនទាន់រកឃើញវិជ្ជមានជំងឺនេះក៏ដោយ។ 

  ព្រឹកថ្ងៃទី០២ ខែមេសា នេះ វីដេអូខ្លីមួយរបស់ឌីជេ ក្ដិប ចេញមុខតាមរយៈវីដេអូខ្លីមួយត្រូវបានបង្ហោះជាថ្មីដោយលោកបាន មកប្រាប់រឿងរ៉ាវអំពីអាការៈរបស់ខ្លួន ក្រោយសង្ស័យរងការធ្វើទុក្ខរបស់កូវីដ-១៩ ស្របពេលដែលគេឃើញថា ឌីជេមាឌល្អិតរូបនេះ មានអាការៈហត់ខ្លាំង និងនិយាយខ្សាវស្ទើរស្ដាប់មិនលឺ។

លោកបញ្ជាក់ដោយទឹកមុខស្លេកស្លាំង និងមានបំពាក់ឧបករណ៍ខ្នាតតូចជំនួយដង្ហើមផង ក្ដិប បានបញ្ជាក់ប្រាប់ប្រិយមិត្តរបស់ខ្លួនថា នៅពេលនេះ ខ្លួនមិនទាន់រកឃើញមេរោគកូវីដ-១៩នៅក្នុងខ្លួននៅឡើយទេ។ លោកថ្លែងថា “ខ្ញុំអត់ទាន់មានកូវីដទេបងប្អូន យកសំណាក២ដងហើយ អត់ទាន់មានកូវីដទេ គ្រាន់តែសុខភាពខ្ញុំហ្នឹង រលាកសួតមិនដឹង អីដឹង ខ្ញុំមិនទាន់ដឹងទេ អរគុណសម្រាប់ការបារម្ភ”។លោក ចាន់ សំណាង ចេញមកបញ្ជាក់ប្រាប់ប្រិយមិត្តលើបណ្ដាញសង្គមត្រឹមប៉ុន្មានម៉ាត់ក៏លាទៅវិញ។ លោកថា ពេលនេះ លោកហត់ខ្លាំង ពិបាកនិយាយណាស់ ដូច្នេះហើយទើបលោកមិនអាចនិយាយបានច្រើន ឬវែងទេ។ បច្ចុប្បន្ន ឌីជេ ក្ដិប បាន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមការជួយព្យាបាលដោយក្រុមគ្រូពេទ្យនៅទីនោះឌីជេ ក្ដិប នឹងត្រូវយកសំណាកលើកទី៣ទៀត ដើម្បីប្រាកដថា លោកមានវិជ្ជមានជំងឺកូវីដ-១៩ ឬអត់នោះ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖