ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុន Google បានសម្រេចដកមុខងារត្រីវិស័យចេញពីកម្មវិធីផែនទី (Google Maps) ដោយសារតែពួកគេគិតថាមុខងារនេះគឺមិនមានសារៈសំខាន់ ហើយវានាំឱ្យមានភាពរញ៉េរញ៉ៃក្នុងការប្រើកម្មវិធីផែនទី ប៉ុន្តែអ្វីដែលមិនសមកើតមានឡើងនោះ គឺក្រុមហ៊ុននៅតែបន្តដាក់ឱ្យប្រើមុខងារនេះជាមួយនឹងកម្មវិធី Google Maps សម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ទៅវិញ។
បន្ទាប់ពីក្រុមហ៊ុនបានដកមុខងារត្រីវិស័យនោះមក អ្នកប្រើប្រាស់ជាច្រើនបានសំដែងការមិនពេញចិត្តតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម ដែលពួកគេចង់ឱ្យក្រុមហ៊ុនដាក់បញ្ចូលមុខងារនេះមកវិញ។ ដូច្នេះហើយក្រុមហ៊ុន Google បានដាក់បញ្ចូលមុខងារត្រីវិស័យជាមួយនឹងកម្មវិធីផែនទីកាលពីម្សិលមិញនេះ។
ប្រសិនបើលោកអ្នកកំពុងតែប្រើកម្មវិធី Google Maps ជាមួយទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ហើយលោកអ្នកចង់ប្រើមុខងារត្រីវិស័យនោះ លោកអ្នកអាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយទាញយកកម្មវិធី Google Maps ជំនាន់ 10.62៕
ដោយ ៖ សិលា