ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! ថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីវៀតណាម ដែលផ្តល់វិភាគទាន២០ម៉ឺនដុល្លារដល់កម្ពុជា និងសរសើរថា វៀតណាមជាអ្នកជិតខាងល្អក្នុងគ្រាលំបាក

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក និងតាមរយៈលោក ជូន ចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២០០.០០០ ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ-១៩។

ខ្ញុំមានសេចក្តីរំភើបក្នុងចិត្តចំពោះពាក្យពេជន៍ពោរពេញដោយការលើកទឹកចិត្តដល់ខ្ញុំ ក្នុងលិខិតសាកសួរសុខទុក្ខរបស់លោកចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១។

ការផ្តល់វិភាគទានដ៏សប្បុរសនេះ ក្នុងពេលដែលកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការ ផ្ទុះ ជំងឺកូវីដ-១៩ក្នុងសហគមន៍លើកទី៣ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីស្មារតីជាអ្នកជិតខាងល្អ របស់វៀតណាមចំពោះកម្ពុជា ក្នុងគ្រាលំបាក។

ខ្ញុំសូមឆ្លៀតក្នុងឱកាសនេះ សូមសម្តែងនូវការកោតសរសើរចំពោះវៀតណាម ដែលបាន ទទួលជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និង សូមអះអាងសារជាថ្មីនូវ ការប្តេជ្ញារបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីជំនះឱ្យបានលើ វិបត្តិសាកលដែលពុំធ្លាប់ជួបប្រទះពីមុនមកនេះ។

ខ្ញុំសូមអះអាងសារជាថ្មីថា កម្ពុជានឹងបន្តផ្តល់ប្រព្រឹត្តកម្មលើជនបរទេសទាំងអស់រួមទាំង ប្រជាជនដែលមានដើមកំណើតវៀតណាមរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អោយដូចគ្នា ជាមួយនឹងពលរដ្ឋកម្ពុជា ក្នុងកិច្ចការពារ ពីការរីករាលដាលជំងឺកូវីដ-១៩ នេះ។ ខ្ញុំក៏សូមអរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ប្រព្រឹត្តកម្មដ៏ល្អចំពោះសហគមន៍ កម្ពុជានៅវៀតណាម ក្នុងពេលវេលាដ៏លំបាកនេះ។

សូមលោកទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមលោកទទួលបាននូវ សុខភាពល្អ និងជោគជ័យធំធេងថែមទៀត ក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមរបស់លោក៕

ដោយ ៖ សិលា


ចែករំលែក៖