ព័ត៌មានទាន់ហេតុការណ៍៖

ភាពរឹងមាំរបស់ កុមារាអាយុ៦ឆ្នាំ ជាសះស្បើយកូវីដ-១៩ ឆក់បេះដូងអ្នកលេង facebook ស្រឡាញ់ អាណិត ជាមួយនិងសារជូនពរគ្របដណ្តប់ទូទាំងប្រទេស !

ចែករំលែក៖

ភ្នំពេញ៖ គ្រាដែលឡានពេទ្យមកដឹកក្មួយក្នុងវ័យ ជាកុមារាដ៏ក្មេង យកទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ , ក្មួយមានភាព ក្លាហាន ទទួលខុសត្រូវ មិនតក់ស្លុត រឹងមាំ រហូតដល់រូបភាពរបស់គាត់ តាំងពីដើមទីចេញដំណើរពីផ្ទះ ឈរចាំឡានពេទ្យ ដើរសំដៅចូលឡានពេទ្យ បង្ហាញពីភាពក្លាហាន ប៉ុន្តែមជ្ឈដ្ឋានទូទៅ របស់ប្រជាពលរដ្ឋ ជនរួមជាតិ គ្រប់ស្រទាប់វណ្ណៈ មើលហើយទប់ទឹកភ្នែកមិនបាន ជាមួយនឹងការបង្ហោះសារជូនពរ និងសូមអោយក្មួយរឹងមាំឡើង ,តាមពិត ! ក្មួយរឹងមាំណាស់ ។

ទីបំផុតពីម្សិលមិញ ! ក្មួយបានរួចផុតហេីយពីជំងឺដ៏កាចសាហាវកូវីដ-១៩ នឹងបានត្រឡប់មកដល់ផ្ទះទាំងសប្បាយ។ ប៉ុន្តែកុមារាអាយុ៦ឆ្នាំ កើតជំងឺកូវីដ-១៩ បានជាសះស្បើយនេះ រំជួយចិត្តអ្នកលេង facebook ច្រើនបំផុត ត្រេកអរ គាំទ្រក្មួយ។
ម្តាយរបស់កុមាររូបនេះក៏បានជាពីជំងឺកូវីដ-១៩ និងអនុញ្ញាតឱ្យចេញពីពេទ្យជាមួយគ្នាផងដែរសាច់ញាតិរបស់កុមារារូបនេះបានប្រាប់ថាស្ត្រីជាម្តាយនិងកុមារារូបនេះបានទៅដល់ផ្ទះស្ថិតនៅខណ្ឌឫស្សីកែវនៅយប់ថ្ងៃម្សិលមិញ។

សូមបញ្ជាក់ថា, កុមារាអាយុ ៦ឆ្នាំម្នាក់ ដែលកើតជំងឺកូវីដ-១៩ ហើយនាំឲ្យផ្ទុះនូវការរំជួលចិត្តអាណិត អាសូរលើ រូបគេនោះ ពេលកំពុងព្យាបាល និងពេលអនុញ្ញាតឱ្យចេញពីកន្លែងព្យាបាលនៅសណ្ឋាគារ Great Duke ។

យោងតាមលិខិតអនុញ្ញាតរបស់គ្រូពេទ្យ បានបញ្ជាក់ថា ស្ត្រីជាម្តាយ និងកុមារាអាយុ ៦ឆ្នាំ ត្រូវបានតេស្តអវិជ្ជមានចំនួន២ដង នៅវិទ្យាស្ថានប៉ាស្ទ័រ។ បើទោះបីជាយ៉ាងណា ពួកគេតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាព។

សូមបញ្ជាក់ថា កុមារាអាយុ ៦ឆ្នាំខាងលើនេះ ត្រូវបានរកឃើញថា កើតជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ រូបភាពក្រុមគ្រូពេទ្យចុះយកកុមាររូបនេះទៅព្យាបាល និងសកម្មភាពកុមារកាន់សម្ភារផ្សេងៗដើរឡើងរថយន្តពេទ្យនាពេលនោះ បានធ្វើឱ្យផ្ទុះនូវការអាណិតអាសូរជាខ្លាំងពីមហាជនលើបណ្តាញសង្គម។
សារជាច្រើន ជាមួយរូបគំនូរ បានសរសេរថា, “ក្មួយរឹងមាំណាស់…ក្មួយពិតជារឹងមាំមែន ….ក្មួយកុំភ័យខ្លាចតក់ស្លុតអោយសោះ…ជូនពរក្មួយបានឆាប់ជាសះស្បើយ…”បើអ្នកធំមួយចំនួនធំបានផ្ញើរសារជូនពរពីចម្ងាយថា, “ពូសូមជូនពរក្មួយពីចំងាយ បានឆាប់ជាសះស្បើយ ហើយក្មួយត្រូវរឹងមាំ ពិសេសក្មួយក្លាហានណាស់” ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖