អន្តរជាតិ៖ តុលាការខេត្តអាន យ៉ាង ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ទី០១ ខែមេសា ឆ្នាំ២០២១ បានបេីកសេវនាការកាត់ទោសប្រហារជីវិត បុរស២នាក់ចំពោះការលួចធ្វើចរាចរណ៍ថ្នាំញៀនប្រមាណ៤០គីឡូក្រាមពីកម្ពុជាចូលវៀតណាម។
នៅក្នុងសេវនាការតុលាការខេត្ត បានរកឃើញថាជនល្មេីស២នាក់នេះ ម្នាក់ឈ្មោះ អាន ង៉ុក ហា អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ង្វៀន ឌុក តាយ អាយុ២១ឆ្នាំ ពិតជាមានកំហុសចំពោះការលួចដឹកជញ្ជូនដោយខុសច្បាប់សារធាតុញៀនប្រាកដមែន។
គួររម្លឹកថា ឆ្មាំព្រំដែនខេត្តអាន យ៉ាង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ បានប្រទះឃើញជនល្មើសឈ្មោះហា និងឈ្មោតាយ រួមជាមួយបុរសម្នាក់ទៀតឆ្លងពីកម្ពុជាចូលវៀតណាមតាមទូកមួយ ដោយមានយួរថង់ផ្លាស្ទិកពណ៌ខ្មៅ។ ភ្លាមនោះឆ្មាំព្រំដែនដើរសំដៅពួកគេ បុរសទាំងនេះបានរត់ឡើងជិះម៉ូតូដែលកំពុងរង់ចាំស្រាប់ និងក្រោយមកឡើងជិះរថយន្តមួយឆ្ពោះទៅកាន់ស្រុកអាន ភូ ក្នុងខេត្តដដែល។
ប្រភពដដែល បន្តថា បន្ទាប់មកពួកគេបានទៅដល់ផ្សារមួយ រួចទម្លាក់ចោលស្បោងផ្លាស្ទិក ហើយអាជ្ញាធរបានដេញចាប់បាន ឈ្មោះហា និងឈ្មោះតាយ តែជនទី៣បានរត់គេចខ្លួនបាត់។នៅក្នុងរថយន្ត មានថ្នាំញៀនប្រមាណ៤០គីឡូក្រាមត្រូវបានរកឃើញនៅក្នុងថង់ផ្លាស្ទិកជាច្រើន។
ក្រោយឃាត់ខ្លួនរួច ជនល្មើសទាំងពីរនាក់នេះ បានសារភាពថា ពួកគេបានដឹកជញ្ជូនថ្នាំញៀនទាំងនេះទៅពីកម្ពុជាទៅកាន់ទីក្រុងហូជីមិញ ដើម្បីប្រគល់ឲ្យបុរសទី៣។
គួរបញ្ជាក់ថា ប្រទេសវៀតណាមមានច្បាប់ប្រឆាំងថ្នាំញៀនដ៏តឹងរឹងបំផុតមួយ ក្នុងចំណោមច្បាប់ថ្នាំញៀនតឹងតែងនានាក្នុងពិភពលោក។ ចំពោះជនណាដែលត្រូវបានរកឃើញថាមាន ឬលួចដឹកជញ្ជូនថ្នាំញៀនហេរ៉ូអ៊ីនត្រឹមតែ០,៦គីឡូក្រាម ឬមេតំហ្វេតាមីន២,៥គីឡូក្រាម គឺប្រឈមនិងការប្រហារជីវិត៕ដោយ៖ស តារា