ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ២ខ្នងដួលរលំនិងរបើកដំបូលដោយសារភ្លៀងលាយខ្យល់កន្ត្រាក់តែសំណាងដែរមិនមានមនុស្សគ្រោះថ្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋ២ខ្នងដែរបានដួលរលំទាំងស្រុងនិងរបើកដំបូលដោយសារតែមានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ ប៉ុន្តែសំណាងដែរដែលមិនបណ្ដាលឱ្យម្ចាស់ផ្ទះរងគ្រោះថ្នាក់ដល់អាយុជីវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីចន្លោះម៉ោង៣ទៀបភ្លឺថ្ងៃទី០៣ខែមេសា ឆ្នាំ២០២១ស្ថិតក្នុងក្រុងស្វាយរៀងនិងក្រុងបាវិត។
យោងតាមអាជ្ញាធរខេត្តបានឱ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះម៉ា ចន ភេទស្រីអាយុ៧៨ឆ្នាំ មុខរបរកសិករ រស់នៅ
ភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
ចំពោះផ្ទះដែលដួលរលំខូចខាតទាំងស្រុងនោះមានទំហំ៤ម៉ែត្រគុណនឹង១០ម៉ែត្រ ដំបូលប្រក់សង្ក័សី ជញ្ជាំងរៀបឥដ្ឋ ។
ចំណែកផ្ទះដែលរបើកដំបូលមានម្ចាស់ឈ្មោះហាញ់ វិច្ឆិកា ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិច្រកឫស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា ករណីភ្លៀងនិងខ្យល់កន្ត្រាក់នេះមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។អាជ្ញាធរខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ពេលដែលមានភ្លៀងខ្យល់កន្ត្រាក់ត្រូវរកទីទួលមានសុវត្ថិភាពនិងប្រញាប់រាយការណ៍មកសមត្ថកិច្ចជាបន្ទាន់៕

ដោយ៖យឹម សុថាន


ចែករំលែក៖