ខេត្តពោធិ៍សាត់ ៖ មន្រ្តីកងរាជអាវុធហត្ថនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់មានទុក្ខជាទម្ងន់ ខណៈដែលលោកឧត្ដមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានទទួលមរណភាពដែលគេសង្ស័យថាបណ្ដាលមកពីជំងឺលើសឈាម ។
សេចក្តីរាយការណ៍ជាបឋមបានឱ្យដឹងថា លោកឧត្ដមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានទទួលមរណភាពនៅវេលាម៉ោងប្រមាណជាង២ រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញគ្រាដែលក្រុមគ្រួសាររបស់លោកព្យាយាមបញ្ជូនលោកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
សេចក្តីរាយការណ៍បន្តទៀតថា លោក ឧត្ដមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានទទួលមរណភាពក្នុងជន្មាយុ៥៩ឆ្នាំ ដែលគេសង្ស័យបណ្ដាលមកពីជំងឺលើសឈាម ៕
ដោយ៖ បុឹម ពិន