ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានអញ្ជើញចុះពិនិត្យមេីលការបំពាក់សម្ភារបរិក្ខារពេទ្យដេីម្បីត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងទីតាំងអគារស្នាក់នៅរបស់ក្រុមហ៊ុនកាស៊ីណូបាវិតម៉ុកបាយ ដែលមានអគារចំនួន២ គឺអគារC សម្រាប់ក្រុមគ្រូពេទ្យ និងអគារE សម្រាប់អ្នកជំងឺកូវីដ-១៩សម្រាកព្យាបាល មានចំនួន២៨៨បន្ទប់ នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងនាព្រឹកថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។
ក្នុងឱកាសចុះពិនិត្យមេីលការបំពាក់សម្ភារបរិក្ខារពេទ្យដេីម្បីត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩
នោះ លោកម៉ែន វិបុលក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងទាំង៣ អាជ្ញាធរដែនដី ម្ចាស់ទីតាំងអគារ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលរួមសហការគ្នាក្នុងការបោសសម្អាតបន្ទប់ និងបំពាក់សម្ភារបរិក្ខារពេទ្យបានរួចរាល់នៅថ្ងៃនេះ ដេីម្បីត្រៀមទុកសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលមានជំងឺកូវីដ-១៩ ជាពិសេសក៏សូមថ្លែងនូវការអរគុណ និងកោតសរសើរចំពោះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងខេត្តស្វាយរៀង ដែលជាកងទ័ពអាវស មិនត្រឹមតែបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មលះបង់ពេលវេលាទាំងពេលយប់ទាំងពេលថ្ងៃដោយមិនខ្លាចនឿយហត់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់បំផុត ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ” ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឫសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋម្នាក់ៗ និងគ្រប់ៗគ្នា៕
ដោយ៖យឹម សុថាន