ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងតែឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាងចំនួន៤នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង ៥០នាទីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៩៨៦ កែងនឹងផ្លូវលេខ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទៀតជាស្ត្រីជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N- 9925ធ្វើដំណើរឆ្លងផ្លូវលេខ1007 ក្នុងទិសដៅពីត្បូងទៅជើង ខណៈដែលឆ្លងបានពាក់កណ្ដាលផ្លូវ ហើយស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HK-5859បើកបរដោយបុរសម្នាក់ និងមានបុរសម្នាក់ទៀតជាអ្នករួមដំណើរបើកតាមបណ្ដោយផ្លូវលេខ១៩៨៦ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនជ្រុលទៅបុកម៉ូតូឌ្រីមសេ១២៥ ពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាងចំនួនបួននាក់រងរបួសធ្ងន់ទាំងសងខាង ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ចំណែកឯម៉ូតូទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដើម្បីធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕
ដោយ ៖ និនសុភ័ស្ត