ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេលជាងពីរខែនេះ! ចិន​ រកឃេីញករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ដែលជាតួលេខខ្ពស់បំផុត

ចែករំលែក៖

អន្តរជាតិ​៖​ បេីតាមការ​ចុះផ្សាយ​របស់ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា​ ប្រទេស​ចិន នៅថ្ងៃទី៥ ខែមេសានេះ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៣២នាក់ ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជាងពីរខែ។ ក្នុងចំណោមនេះ ករណីឆ្លងដែលរកឃើញលើអ្នកដំណើរពីក្រៅប្រទេសមាន១៧នាក់ និងករណីឆ្លងក្នុងស្រុក១៥នាក់ដែលរកឃើញនៅក្រុង Ruili ជាប់ព្រំដែនមីយ៉ាន់ម៉ាទាំងអស់។

ជាក់ស្ដែង​នៅក្នុងសេចក្ដីរាយការណ៍ថ្ងៃទី៥ ខែមេសានេះ អាជ្ញាធរសុខាភិបាលចិន​ បានរកឃើញរកណីក្នុងស្រុកចំនួន១៥ករណីដែលសុទ្ធសឹងនៅទីក្រុងជាប់ព្រំដែនមីយ៉ាន់ម៉ាទាំងអស់។ បូកករណីរកឃើញលើអ្នកដំណើរចំនួន១៧នាក់ទៀត ចិនមានករណីឆ្លងប្រចាំថ្ងៃចំនួន៣២នាក់ ដែលជាចំនួនច្រើនបំផុតគិតតាំងពីថ្ងៃទី៣១ ខែមករាមក។​ ដោយឡែក​ទីក្រុង Ruili នៃខេត្តយូណាន ក្លាយជាទីតាំងផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ក្រោយរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់តាំងពីសប្ដាហ៍មុន។

ទូរទស្សន៍រដ្ឋចិន CCTV ផ្សាយបន្ថែមថា ការវិភាគវីរុសដែលរកឃើញក្នុងទីក្រុងនេះបង្ហាញថា ករណីឆ្លងក្នុងស្រុកពេលនេះទំនងជាបណ្ដាលមកពីករណីនាំចូលក្នុងចំណោមជនចំណាកស្រុកមីយ៉ាន់ម៉ា ព្រោះជាប្រភេទតែមួយនឹងវីរុសដែលមានមីយ៉ាន់ម៉ាដែរ។ក្នុងចំណោមអ្នកឆ្លងនៅទីក្រុង Ruili ទាំង១៥នាក់ មាន១១នាក់ជាជនជាតិមីយ៉ាន់ម៉ា។

ចំណែក​អាជ្ញាធរក្រុងនេះ ដើម្បីទប់ស្កាត់ករណីឆ្លង ក៏ចេញយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយ និងចាប់ផ្ដើមចាក់វ៉ាក់សាំងឱ្យប្រជាជនប្រមាណ៣០ម៉ឺននាក់ក្នុងរយៈពេល៥ថ្ងៃ។ ជាមួយគ្នានេះ ប្រជាជនក្នុងទីប្រជុំជនក៏ត្រូវបញ្ជាឱ្យនៅតែផ្ទះ ឯសាលារៀនក៏ត្រូវបានបិទបណ្ដោះអាសន្ន ចំណែកការធ្វើដំណើរចេញចូលទីក្រុង Ruili ក៏ត្រូវបានរឹតបន្តឹងដែរ។

គួរបញ្ជាក់ថា​ Ruili ជាទីក្រុងធំមួយរបស់ខេត្តយូណានដែលជាប់ព្រំដែនជាមួយឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ខេត្ត ក៏ប្រឈមមុខលំហូរជនភៀសខ្លួនពីប្រទេសទាំងបីក្នុងគោលដៅស្វែងរកកន្លែងមានសុវត្ថិភាពពីជំងឺកូវីដ-១៩ ខណៈចិនអាចគ្រប់គ្រងជំងឺនេះបានទៅហើយ៕ដោយ​៖ស​ តារា​

 

ចិន​ធ្វេីតេស្តរកវីរុសកូរ៉ូណាប្រជាជនខ្លួន


ចែករំលែក៖