ព័ត៌មានទាន់ហេតុការណ៍៖

ឃេីញទ្វារចំហចូលទៅបំណងលួចទ្រព្យសម្បត្តិ ប៉ុន្តែពេលលូកដៃទៅប៉ះជេីងស្ត្រីម្ចាស់បន្ទប់ស្រែកវ៉ាសប្តីចាប់ជាប់

ចែករំលែក៖

       ភ្នំពេញ ៖ ប្តីប្រពន្ធមួួយគូបានដេកក្នុងបន្ទប់ជួលដោយមិនបានបិទទ្វារឱ្យជិតឡើយ ហើយខណៈកំពុងដេកលង់លក់ស្រាប់តែមានជនសង្ស័យម្នាក់លបចូលទៅក្នុងបន្ទប់បំណងលួចយកទ្រព្យសម្បត្តិហេីយបានរាវរកក៏ប៉ះជើងស្ត្រីជាប្រពន្ធធ្វើឱ្យភ្ញាក់ដឹងខ្លួន ហេីយក៏ស្រែកសួរនាំ តែភ្លាមៗនោះជនសង្ស័យបានរត់ចេញក្រៅ។ឃើញដូច្នេះម្ចាស់បន្ទប់បានស្រែកឆោឡោឡេីងទេីបបុរសប្តីនិងអ្នកក្បែរខាងនាំគ្នាដេញចាប់ជាប់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅខាងក្រោយបុរីរុងរឿង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  ជនសង្ស័យមានឈ្មោះ ម៉ក់ ម៉ន​ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ​ នៅម្តុំសង្កាត់អូរបែកក្អម មានស្រុកកំណើតនៅឃុំទួលពង្រ ស្រុកទំនប់ដាច់ ខេត្តឧត្តរមានជ័យ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះនី សុខមុំ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១ កន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

  តាមសម្ដីរៀបរាប់របស់ស្ត្រីរងគ្រោះបាន ប្រាប់ឲ្យឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ រូបគាត់និងប្ដីបានដេកនៅក្នុងបន្ទប់ជាកន្លែងកើតហេតុខាងលើ ដោយមិនបានបិទទ្វារឲ្យជិតនោះទេ គឺចំហទ្វារពាក់កណ្ដាលដើម្បីឲ្យខ្យល់ចេញចូល ពីព្រោះក្តៅស្អុះពេក។ លុះដល់វេលាម៉ោងកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើ មិនដឹងមកពីណាមក រាវប៉ះដៃរបស់គាត់ធ្វេីឲ្យគាត់ភ្ញាក់ដឹងខ្លួនហេីយគាត់បានសួរថា​ អ្នកណាគេ? ភ្លាមនោះជនសង្ស័យក៏បានរត់ចេញទៅក្រៅបន្ទប់បម្រុងគេចខ្លួន បង្កការភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ជិតខាង ជួយដេញចាប់បាន រួចនាំមកកន្លែងកើតហេតុវីញ ដើម្បីសួរនាំ និងប្រគល់ឲ្យសមត្ថកិច្ចយកជនសង្ស័យទៅប៉ុស្តិ៏ដើម្បីសួរនាំ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ យកទៅសួរនាំ និងឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមនីតិវិធីផងដែរ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖