ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ចុះពិនិត្យទីតាំង ចែកស្បៀងនិងសម្ភារៈជូនបងប្អូនប្រជាពលរដ្ឋនៅទីតាំងចត្តាឡីស័ក ក្នុងសង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំង និងចែក ស្បៀងអាហារជូនដល់ប្រជាពលរដ្ឋដែលជាប់នៅទីតាំងចត្តាឡីស័ក ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយទីតាំងនោះមានអ្នកកើតជំងឺកូវីដ-១៩ ហើយអាជ្ញាធរសម្រេចបិទបណ្ដោះអាសន្ន អ្នកភូមិនោះ   

   ក្នុងឱកាសនោះ លោក ឃួង ស្រេង បានឧបត្ថម្ភនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋដែលជាប់នៅទីតាំងនោះ ចំនួន ១៦០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករមួយបាវ និងមី១កេស។

បើតាមលោក ឃួង ស្រេង នៅថ្ងៃស្អែកអាជ្ញាធរនឹងបន្ដឧបត្ថម្ភស្បៀងអាហារជូនដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់ទៀត ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារដើម្បីទទួលទាន គ្រាដែលកំពុងធ្វើចត្តាឡីស័កនោះទេ។ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ។

    លោក ឃួង ស្រេង បានអះអាងថា ក្នុងករណីប្រជាពលរដ្ឋត្រូវការទិញម្ហូបអាហារបន្ថែមទៀតនោះ អាចទាក់ទងទៅលេខទូរស័ព្ទរបស់អ្នកលក់ ដើម្បីទិញមកដាក់នៅខាងមុខទីតាំងចត្តាឡីស័ក ហើយពួកគាត់អាចចេញមកយកបាន។

      សូមបញ្ជាក់ថា៖ ទីតាំងខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទនៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថា មានអ្នកឆ្លងជំងឺកូវីដ-១៩ជាបន្ដបន្ទាប់៕

ដោយ៖ សំរិត


ចែករំលែក៖