ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ ពេលដឹកស្រូវពេញគោយន្តបាក់សាក់ស៊ីរ៉ឺម៉ក បណ្តាលឲ្យការុងស្រូវរអិលសង្កត់ខ្ទប់កៀបនឹងដែកទទឹងដៃចង្កូតគោយន្តកន្ត្រៃស្លាប់កាលពីវេលាម៉ោង០៤និង២០នាទីល្ងាចថ្ងៃទី០៦ខែមេសា ឆ្នាំ២០២១ នៅចំណុចអូតាតោ ស្ថិតក្នុងភូមិសាស្ត្រភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។
ជនរងគ្រោះមានឈ្មោះ សែម មុំ អាយុ ៤៨ ឆ្នាំ ភេទប្រុស នៅភូមិ ក្បាលក្របី ឃុំ សំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលរដ្ឋបាលឃុំភ្នំលៀបបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានស៊ីឈ្នួលដឹកស្រូវឲ្យគេ បន្ទាប់ពីច្រូតកាត់បោកបែនរួច ដោយមានគោយន្តជាច្រើនគ្រឿង ដោយបើកគម្លាតពីគ្នាប្រហែលជា១០០ម៉ែត្រ ។ ចំណែកគោយន្តជនរងគ្រោះ បើកនៅកណ្តាលគេ ពេលបើកមកចំណុចអូរតាតោ ម្តុំវាលកន្ចូន ប្រហែល ៣ គីឡូម៉ែត្រ នៅខាងកើតភូមិសាស្ត្រក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានបាក់រ៉ឺម៉កគោយន្តកន្ត្រៃ(បាក់សាក់ស៊ី)បណ្តាលឲ្យការុងស្រូវរអិលមកមុខសង្កត់ជនរងគ្រោះខ្ទប់កៀបទៅនឹងដែកទទឹងដៃចង្កូតចំដើមទ្រូងបណ្ដាលឲ្យស្លាប់ភ្លាមៗ។
ប្រភពដដែលបានបញ្ជាក់ថា៖ហេតុដែលបង្កឲ្យគ្រោះថ្នាក់នេះ សង្ស័យដែកសាក់ស៊ីរ៉ឺម៉កគោយន្តមានសភាពចាស់ នៅពេលដឹកស្រូវធ្ងន់បានបាក់ហើយការុងស្រូវរអិលសង្កត់អ្នកបើកបរកៀបខ្ទប់នឹងដែកទទឹងដៃចង្កូតគោយន្តស្លាប់តែម្តង ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណា