ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានដាក់ចេញសេចក្ដីណែនាំ ៤ចំណុច សម្រាប់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់អនុវត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍នៅព្រះរាជាណាចក្រកម្ពុជា។
សេចក្តីណែនាំរបស់នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងដោយ អនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា។
បើតាមសេចក្តីណែនាំនេះ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវអនុវត្តដូចតទៅ៖
1. រៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងបរិវេណនៃអង្គភាពនីមួយៗ ដោយមានបំពាក់គ្រែអ្នកជំងឺនិងសម្ភារៈពេទ្យចាំបាច់មួយចំនួន។
2. រៀបចំកម្លាំងសុខាភិបាល និងត្រៀមហ្វឹកហ្វឺនបំប៉នគ្រូពេទ្យ ដើម្បីថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងអង្គភាពរបស់ខ្លួន។
3. បន្តរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កដោយឡែក នៅក្នុងអង្គភាព ដើម្បីធ្វើចត្តាឡីស័កយោធិន ដែលសង្ស័យមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩។
4. យោធិនដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ ទៅចាក់ វ៉ាក់សាំង ជាបន្ទាន់នៅតាមទីតាំងដែលបានកំណត់ លើកលែងតែយោធិនដែលមានបញ្ហាសុខភាព ហើយគ្រូពេទ្យបានចេញលិខិតបញ្ជាក់មិនអនុញ្ញាតឱ្យចាក់។ ចំពោះមុខ មូលដ្ឋានកងទ័ពទាំងអស់ត្រូវ ត្រួតពិនិត្យយោធិនណាដែលមិនទាន់បានចាក់វ៉ាក់សាំង និងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងមូលដ្ឋានកងទ័ព៕
ដោយ៖ សុខ ខេមរា