ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រតិបត្តិកាកបាទក្រហមសាខាខេត្តស្វាយរៀង បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋ រស់នៅតាមទីប្រជុំជនតាមផ្លូវសាធារណៈនៅផ្សារជីភូនិងផ្សារមេសរថ្ងក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខភាពបងប្អូន ពុកម៉ែ ប្រជាពលរដ្ឋនៅតាមសហគមន៍ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដើម្បីចូលរួមការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំពុងបន្តផ្ទុះរាលដាលខ្លាំងជាបន្តបន្ទាប់នោះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោកម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចាត់ឲ្យក្រុមប្រតិបត្តិសាខាបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋរស់នៅតាមទីប្រជុំជន តាមផ្លូវសាធារណៈ ត្រង់ចំណុចផ្សារជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត ផ្សាមេសរថ្ងក ស្រុកចន្ទ្រា ដែលក្រុមការងារបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានចំនួន ២៧០នាក់ស្រី ១៣៥ នាក់ ។

ក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្តស្វាយរៀងបានឱ្យដឹងថា ការចុះផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនាពេលនេះគឺក្នុងគោលបំណងចូលរួមផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះដែរ ក្រុមការងារផ្សព្វផ្សាយបានប្រើប្រាស់ អាល់កុលលាងដៃ ចែកម៉ាស់ ចំនួន១២០ សន្លឹក បិទផ្ទាំងរូបភាពផ្សព្វផ្សាយចំនួន ៤៥សន្លឹក ចែកសាប៊ូ៥០ដុំ ខិត្តប័ណ្ណ ផ្សព្វផ្សាយពីវិធានការការពារខ្លួនពីកូវីដ-១៩ និយមន័យករណីសង្ស័យជំងឺកូវីដ-១៩ ចំនួន១២០បណ័្ណ របៀបលាងសម្អាតដៃជាមួយសាប៊ូ និងទឹកចំនួន ១២០ប័ណ្ណ និងវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន១២០ប័ណ្ណ ព្រមទាំងបានផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល និងអនុក្រិឹត្យស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដោយប្រដាប់បំពងសំឡេងតាមរថយន្ត។

ជាពិសេស ផ្សព្វផ្សាយអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” និងសារអប់រំនានារបស់ក្រសួងសុខាភិបាលរួមមាន៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ឬជែល ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។

៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។ 

៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖