ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការ ហាមការធ្វើដំណើរចេញពីផ្ទះចាប់ពីម៉ោង៨យប់ដល់ម៉ោង៦ព្រឹក ដើម្បីការពារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ អង្គភាព”កាសែតនគរវត្ត”ទទួលបានលិខិត រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញវិធានការរឹតត្បិតការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៦ព្រឹក រយៈពេល១៤ថ្ងៃ ពោលគឺ ចាប់ពីម៉ោងសូន្យថ្ងៃទី៧ ខែមេសា រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។

នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្តីពីការបង្កើតអនុគណៈកម្មការស្រាវជ្រាវ និង តាមដានបុគ្គលសង្ស័យ ថា មានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាលកម្ពុជា​ នៅព្រឹកថ្ងៃពុធទី៧ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន​ ៩១​ នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ»ខណៈអ្នកជំងឺចំនួន​ ៣០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានដាក់ចេញនូវវិធានការរដ្ឋបាល ដើម្បីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល បិទផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ និង ផ្អាករាល់ការជួបជុំផ្សេងៗ ជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ ផងដែរ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍៕

ដោយ៖ សិលា


ចែករំលែក៖