នៅថ្ងៃទី៧ខែមេសានេះ កម្លាំងទាហានមីយ៉ាន់ម៉ា បានផ្ទុះអាវុធសម្លាប់បាតុករដែលប្រឆាំងយោធា ៧នាក់ និងរងរបួសជាច្រើននាក់ផងដែរ។ ជាមួយគ្នានេះរោងចក្រមួយកន្លែងដែលគ្រប់គ្រងដោយប្រទេសជិតខាងរងការដុតបំផ្លាញ ក្នុងទីក្រុង Yangon ។ រដ្ឋាភិបាលយោធាបានបញ្ជាក់ថា ក្រុមបាតុករកំពុងតែបំផ្លាញមីយ៉ាន់ម៉ា។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៧ខែមេសា បានផ្សាយថា កម្លាំងយោធាបានផ្ទុះអាវុធដាក់ពលរដ្ឋស្ថិតនៅស្រុក Kale ពាយព្យនៃប្រទេសមីយ៉ាន់ម៉ា ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ រោងចក្រកាត់ដេរមួយកន្លែងនៅក្នុងទីក្រុង Yangon ដែលជារោងចក្រវិនិយោគដោយប្រទេសជិតខាងរងការដុតបំផ្លាញ។ នៅពេលនេះគេមិនទាន់ដឹងពីការខាតបង់ទ្រព្យសម្បត្តិឬអាយុជីវិតនោះឡើយ។ កាលពីខែមីនា មានរោងចក្រដល់ទៅ៣២កន្លែងនៅទីក្រុង Yangon រងការដុតបំផ្លាញ។
តាមតួលេខពីសមាគមជួយអ្នកទោសនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា AAPP បានឱ្យដឹងថា មកទល់ពេលនេះមានអ្នកស្លាប់ដោយការបាញ់ប្រហារពីយោធាកើនឡើងដល់ទៅ ៥៨១នាក់ ក្នុងនោះមានកុមារជាច្រើនផងដែរ។ ក្រៅពីនេះ មានបាតុករជាង ៣០០០នាក់ត្រូវយោធាចាប់ខ្លួន។
មេទ័ព Min Aung Hlaing អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា បានថ្កោលទោសយ៉ាងខ្លាំងដល់ការធ្វើបាតុកម្ម បណ្តាលឲ្យមន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ រោងចក្រ…ផ្អាកដំណើរការ ។ សកម្មភាពរបស់ក្រុមបាតុករមីយ៉ាន់ម៉ា គឺជាការបំផ្លាញប្រទេសជាតិរបស់ខ្លួនផ្ទាល់៕ដោយ៖ ធីរីណា
រូបភាព៖Reuters