ភ្នំពេញ៖ បើតាមការបញ្ជាក់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងនៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះថា៖ គិតត្រឹមវេលាម៉ោងជិត៩យប់នេះ ក្រសួងសុខាភិបាល បានរកឃើញកម្មករនៅរោងចក្រកាត់ដេរយីហោ”ឌីន ហាន” ជិត៥០នាក់ឆ្លងជំងឺកូវីដ-១៩។
ជាក់ស្ដែងភ្លាមនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់កម្មករកម្មការិនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ នៅយប់នេះ និងថ្ងៃស្អែកជាកំហិត បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។
សូមជម្រាបថា រោងចក្រកាត់ដេរយីហោ”ឌីន ហាន” ដែលមានកម្មករនិយោជិកជិត៥០ឆ្លងជំងឺកូវីដ-១៩នេះ មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នមានកម្មករដែលកំពុងបម្រើការងារនៅក្នុងរោងចក្រមួយនេះមានចំនួន ២៥៦២នាក់។
នេះបេីយោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យ។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនសាច់ញាតិ ឬមិត្តភក្ដិរបស់កម្មករទាំងនោះ ត្រូវជួយណែនាំឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃតាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់បំផុត។
បច្ចុប្បន្នអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល នៅយប់ថ្ងៃនេះ បាននិងយកសំណាកទៅលើបងប្អូនកម្មករនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកវីរុសកូវីដ-១៩៕
ដោយ៖ស តារា