ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងកងពលសហការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ  ទុំ មេបញ្ជាការ  កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះត្រួតពិនិត្យកម្លាំងរបស់កងពល កំពុងបំពេញប្រតិបត្តិការសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធខេត្ត និងកម្លាំងអធិការស្រុកព្រះនេត្រព្រះ គោលដៅព្រំប្រទល់ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ និងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងគោលបំណងពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។

នៅក្នុងឱកាសនោះដែរ មេបញ្ជាការ  កងពលតូចថ្មើរជើងលេខ៥១ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាល បានធ្វើឡើងក្នុងគ្រាដែលការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ កំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ និងរីកសាយភាយទៅកាន់ខេត្តជាច្រើន ដែលតម្រូវឱ្យមានការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមក ពីខេត្តមួយទៅខេត្តមួយ៕

ដោយ៖ សូរិយា


ចែករំលែក៖