ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិនៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការចែកលុយមរតកតាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក។ ជាឧទាហរណ៍ មានអ្នកប្រើប្រាស់មួយចំនួនទទួលបានសារពីបរទេសដែលមានខ្លឹមសារថា “មានពលរដ្ឋម្នាក់ដែលមានឈ្មោះដូចអ្នកបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយមានលុយចំនួនប្រមាណ ១២លានដុល្លារនៅក្នុងគណនីធនាគារ ដូច្នេះខ្ញុំចង់ឱ្យអ្នកជាអ្នកទទួលលុយនោះ ហើយយើងចែករំលែកថវិកានោះស្មើគ្នា”។
បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយវាគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បី លួងលោមជនរងគ្រោះឱ្យផ្ញើលុយទៅឱ្យពួកគេ។ ជាដំបូងពួកគេនឹងទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតឱ្យលោកអ្នកធ្លាក់ចូលក្នុងអន្ទាក់របស់ពួកគេ ហើយអាចនឹងបន្តផ្ញើលុយកាន់តែមានចំនួនច្រើនឡើងៗ។
ការបោកបញ្ឆោតដោយអះអាងថា មានឈ្នះរង្វាន់ ឬចែកទ្រព្យសម្បត្តិ តាមរយៈកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមក៏មានច្រើនដែរនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុប ហើយទោះបីជាល្បិចនៃការបោកបញ្ឆោតនេះត្រូវបានប្រើជាយូរឆ្នាំមកហើយក្ដី ប៉ុន្តែជនខិលខូចនៅតែបន្តប្រើវិធីនេះដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់។
នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការចែកទ្រព្យសម្បត្តិ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។ សូមលោកអ្នកកុំឆ្លើយតប ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕
ដោយ ៖ សុខ ខេមរា