ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ជិះម៉ូតូចូលគន្លងរថយន្តត្រូវរថយន្តបុកស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធុនធំបុកម៉ូតូ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៨ខែមេសា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥៨(ផ្លូវក្រវ៉ាត់ព្រំដែន) ខាងត្បូងភូមិចំការគ ចម្ងាយ១,០០០ម៉ែត្រ ស្ថិតក្នុងភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក បណ្តាលឲ្យក្មេងស្រីម្នាក់បាន ស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ជនរងគ្រោះឈ្មោះថង លីស៊ីញ ភេទស្រីអាយុ១៦ ឆ្នាំមានទីនៅលំនៅភូមិចំការគ ឃុំស្វាយចេក  ស្រុកស្វាយចេក បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ1Q-4966 ប.មានជ័យ ។
មន្ត្រីនគរបាលប្រាប់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូមានពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីជើងទៅត្បូង ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយយីឌុប ផ្លូវ៥ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A.1805 បានបើកក្នុងទិសដៅច្រាសទិសគ្នាពីត្បូងទៅជើង ​បើកបរដោយឈ្មោះ សំ វ៉ាន់សាយ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បណ្តាលឲ្យម៉ូតូដាច់ជាពីរកំណាត់និងអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
នគរបាលបានបញ្ជាក់ទៀតថា៖ក្នុងករណីកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកបើកម៉ូតូមិនប្រកាន់ស្តាំ។

ក្រោយពីកើតហេតុរថយន្តមិនបានឈប់នៅកន្លែងនោះទេ បានព្យាយាមបើករថយន្តរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក បានផ្តល់ព័ត៌មានដល់កម្លាំងនគរបាលស្រុកថ្មពួកសហការ ចាប់ឃាត់បានរថយន្តនិងអ្នកបើកបរនៅខាងកើតរង្វង់មូលបឹងត្រកួន ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ព្រមទាំងបានប្រគល់អ្នកបើកបរនិងរថយន្តឲ្យនគរបាលស្រុកស្វាយចេក ដើម្បីរៀបចំសំណុំរឿង តាមនីតិវិធញច្បាប់។

ចំណែកសពក្មេងស្រីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ វណ្ណា


ចែករំលែក៖