ភ្នំពេញ៖ គួរអោយគោរព នូវការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ លើវិធានការគ្រប់គ្រង ការរាតត្បាតនូវជំងឺកូវីដ-១៩ ក្នុងបេះដូងស្រឡាញ់ជីវិតពលរដ្ឋ ដោយគ្មានទាមទារអ្វី ក្រៅពីការអង្វរមេត្តាចូលរួមអនុវត្តវិធានសុខាភិបាល។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងទាំងកណ្តាលអាធ្រាតថា, ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត ចោទសួររិះគិតថា ហេតុអ្វីបានជាបុគ្គលខ្លះ គាត់មិនអនុវត្តន៍បាននូវវិធានការការពារដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បេីខ្ញុំអាចអនុវត្តន៍ជំនួសពួកគាត់បាន ខ្ញុំប្រាកដជាធ្វេីជូនពួកគាត់ តែបេីខ្ញុំធ្វេី គឺការពារបានតែរូបខ្ញុំ និងការពារមិនចម្លងជំងឺសាហាវនេះ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ ចុះបេីយេីងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា យេីងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។ អ្នកឆ្លងរកឃេីញកេីនឡេីងច្រេីនបង្កេីតនូវការព្រួយបារម្ភដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរដែលយេីងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍ និងផលរំខានដល់កំណេីនសេដ្ឋកិច្ចគ្រួសារ និងសង្គម។ ដូច្នេះ ខ្ញុំសូមបង្កេីតពាក្យថា៖ “ ចូលឆ្នាំនៅផ្ទះ “ ឫ “New Year at Home” ជាមួយនិងការអនុវត្តវិធានការ ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លងជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន និងឆាប់បានធ្វេីឱ្យមានការងេីបឡេីងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយេីងផងដែរ។ ខ្ញុំគោរពសូមជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវពាក្យថា “ចូលឆ្នាំនៅផ្ទះ” មិនប៉ះកូវីដ-១៩ សុខភាពមាំមួន មានសុខសិរី ជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។ រីករាយឆ្នាំថ្មី! សួស្តីឆ្នាំថ្មី! ជាឆ្នាំប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យឈ្នះទាំងអស់គ្នា។
សូមអរគុណ
ដោយ៖ សុខ ខេមរា