ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនឃាតករដៃឆៅម្នាក់ ដែលសម្លាប់ក្មួយប្រុសខ្លួនឯង អាយុ១០ឆ្នាំ ដាក់ពន្ធនាគារព្រៃសបណ្ដោះអាសន្ន។
បេីតាមរបាយការណ៍របស់មន្រ្តីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អុន ភាម៉ុន អាយុ៣០ឆ្នាំ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ ជា ប៊ុនហេង អាយុ១០ឆ្នាំ(ស្លាប់) ។
ប្រភពដដែល បន្តថា អំពើឃាតកម្មខាងលេីនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទី រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកមូលហេតុនៃអំពើឃាតកម្ម គិតទុកជាមុននេះ ត្រូវបានសមត្ថកិច្ច បញ្ជាក់ថា ដោយសារឃាតករខឹងជនរងគ្រោះ ដែលជាក្មួយ វាយក្បាលខ្លួនដែលជាពូ ។
គួររម្លឹកថា មុនពេលកើតហេតុជនសង្ស័យ និងកុមារារងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា MSX ពណ៌ស ស្លាកលេខភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិល ដេីម្បីទៅញុំាប្រហិត។ ខណៈដែលកំពុងជិះតាមផ្លូវកុមារារងគ្រោះ យកដៃវាយ ក្បាលជនសង្ស័យលេង រួចជនសង្ស័យ ប្រាប់ថា កុំវាយព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះ វាយក្បាលជនសង្ស័យលេងម្តងទៀត ទេីបធ្វើឲ្យជនសង្ស័យខឹង ក៏រៀបគម្រោងយកកុមារារងគ្រោះ ទៅសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះទៅដកក្រអៅឈូកហូប រួចជិះចូលក្នុងដីឡូតិ៍ ចំណុចកើតហេតុ ជនសង្ស័យយកដៃវាយកុមារារងគ្រោះ មួយដៃចំថ្គាមខាងស្តាំ និងវាយចំមុខមួយដៃទៀត ដួលផ្កាប់លើដី មានទឹកតិចៗ បណ្តាលឲ្យស្លាប់ រួចជនសង្ស័យ ជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។
ប្រភពដដែល បន្ថែមទៀតថា រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ម៉ោង ១១ និង៣០នាទីព្រឹក ប្រជាពលរដ្ឋបានឃើញសពកុមារារងគ្រោះ នៅចំណុចកើតហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចឲ្យចុះត្រួតពិនិត្យជាក់ស្តែងតែម្តង។ បន្ទាប់មកកម្លាំងសមត្ថកិច្ចការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រ សហការជាមួយអង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ កោសល្យវិច័យ រាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញ ស្នាមរហែកសន្ទះអញ្ចាញ ធ្មេញខាងមុខ និងបាក់ធ្មេញ ខាងក្រោមទាំងសងខាង បញ្ជាក់ថា កុមារារងគ្រោះ ស្លាប់ដោយសារប៉ះទង្គិចផ្ទៃមុខធ្ងន់ធ្ងរ ក៏បេីកការស្រាវជ្រាវភ្លាមៗ។
លុះដល់នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ និងបញ្ជូនទៅតុលាការដេីម្បីបន្តនីតិវិធីច្បាប់។
បច្ចុប្បន្នជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស៕ដោយ៖ស តារា