អន្តរជាតិ៖ អាជ្ញាធរទីក្រុងហុងកុង ដោយក្ដីព្រួយបារម្ភអំពីសុវត្ថិភាពរឿងវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ដែលខ្លួនបញ្ជាទិញ ក្រោយមានការរាយការណ៍ទាក់ទងនឹងបញ្ហាស្ទះសរសៃឈាមនោះ។ ស្រាប់តែនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ហុងកុង បានអះអាងថា ខ្លួននឹងពន្យាពេលនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ក្នុងឆ្នាំនេះ។
ជាក់ស្ដែងទីក្រុងហុងកុង បានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ចំនួន៧,៥លានដូស ដែលគ្រោង ទៅដល់ហុងកុងនៅឆមាសទីពីរនៃឆ្នាំ២០២១ នេះ។ ប៉ុន្តែនៅថ្ងៃទី៩ ខែមេសា ហុងកុង បានប្រកាសពន្យារពេលនាំចូលសិន។
បេីតាមការលើកឡើងរបស់លេខាធិការស្បៀងអាហារ និងសុខភាពហុងកុងលោកស្រី Sophia Chan បានបញ្ជាក់ថា៖
«ទោះបីជាយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AstraZeneca ក្ដី យើង ជឿជាក់ថា វ៉ាក់សាំងរបស់ AstraZeneca នឹងមិនចាំបាច់ត្រូវផ្គត់ផ្គង់ឱ្យហុងកុងនៅឆ្នាំនេះទេ។ ការធ្វើដូច្នេះ នឹងមិនបង្កឱ្យមានការខ្ជះខ្ជាយវ៉ាក់សាំង ខណៈពិភពលោកកំពុងជួបបញ្ហាខ្វះខាតវ៉ាក់សាំង»។
លោកស្រី Chan បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា រដ្ឋាភិបាលហុងកុងកំពុងពិចារណាទិញវ៉ាក់សាំងប្រភេទថ្មីដែល អាចផ្តល់នូវការការពារប្រសើរជាងនេះ។
បេីទោះបីជាហុងកុង លើកហេតុផលចម្បងថា ខ្លួនមានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនរបស់ខ្លួនក្ដី ប៉ុន្តែការប្រកាសរបស់ហុងកុង ធ្វើឡើងស្របពេលមានក្ដីបារម្ភទាក់ទងការកើតឡើងបញ្ហាស្ទះសសៃឈាម លើអ្នកដែលទទួលវ៉ាក់សាំងរបស់ AstraZeneca ។ ដោយឡែកប្រទេសមួយចំនួនប្រកាសផ្អាកការផ្ដល់វ៉ាក់សាំង ឱ្យប្រជាជនរបស់ខ្លួន បើទោះជាអង្គការសុខភាពពិភពលោក និងក្រុមហ៊ុនផ្ទាល់ធានាពីសុវត្ថិភាពក្ដី។
សូមជម្រាបថា ទីក្រុងហុងកុង បានបញ្ជាទិញវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនស្រេចទៅហើយចំនួន១៥ លានដូស ដោយទិញពីក្រុមហ៊ុនវ៉ាក់សាំងចិន Sinovac BioTech និង BioNTech របស់អាល្លឺម៉ង់។ វ៉ាក់សាំងទាំងពីរ ក៏ត្រូវបានផ្ដល់ឱ្យប្រជាជនបន្តបន្ទាប់ផងដែរ។ ខណៈបណ្តាប្រទេសជាច្រើនផ្អាកការប្រើប្រាស់វ់ាក់សាំងរបស់ AstraZeneca ឥណ្ឌូណេស៊ី គឺជាអ្នក ដែលត្រូវក្រុមហ៊ុន AstraZeneca ពន្យាពេលដឹកជញ្ជូនមកឱ្យខ្លួនទៅវិញ។
ដោយឡែក ប្រទេសឥណ្ឌូណេស៊ី វិញ បច្ចុប្បន្នកំពុងពិភាក្សាជាមួយចិនលើការទិញវ៉ាក់សាំងប្រមាណ១០០លានដូស ដើម្បីបំពេញកង្វះខាតវ៉ាក់សាំង ចំពេលស្ថានភាពកូវីដ-១៩ ក្នុងប្រទេសកំពុងឆ្លងរាលដាលយ៉ាងខ្លាំងផងដែរ៕ដោយ៖ស តារា