ខេត្តព្រៃវែង៖ ថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១លោកជាសុមេធីអភិបាលខេត្តនិងអភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេស មន្ទីរសុខាភិបាល កងកម្លាំងទាំងបី បានចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅមន្ទីរពេទ្យខេត្តព្រៃវែង។
តាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវអោយមានការរៀបចំកន្លែងចាក់វ៉ាកសាំងជូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ដែលនេះបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីអោយបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ សង្កេតឃើញថា អតីតយុទ្ធជនទៅចាក់វ៉ាក់សាំងសុទ្ធតែបានបង្ហាញទឹកមុខរីករាយជាមួយនឹងការទទួលបានឱកាសចាក់វ៉ាក់សាំងនេះ ព្រោះថាវ៉ាក់សាំងកូវីដ១៩នេះ មានតម្លៃណាស់សម្រាប់ការពារអាយុជីវិតរបស់ពួកគាត់ ដែលខុសគ្នាពីការធ្វើសង្រ្គាមលើសមរភូមិដែលយើងអាចដឹង និងមើលឃើញទីតាំងសត្រូវ។
ជាទីបញ្ចប់ លោកអភិបាលខេត្តជូនពរថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខទាំងអស់ កងកម្លាំងប្រដាប់អាវុធ និងសហការី ជាពិសេសបងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែងទាំងអស់ ជួបនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ៕
ដោយ៖ សូរិយា