នៅថ្ងៃទី១០ខែមេសា មន្ត្រីយោធា គាំទ្ររដ្ឋាភិបាលយេម៉ែន បានឱ្យដឹងថា ការបាញ់ប្រហារគ្នាក្នុងតំបន់ Marib កាន់តែខ្លាំងឡើង ដោយមានទាហាន៤៣នាក់ស្លាប់ ទាំងសងខាង គឺទាហានគាំទ្ររដ្ឋាភិបាល និងកម្លាំងទាហានក្រុមហ៊ូធី។
ប្រភពព័ត៌មានបានឱ្យដឹងថា ការបាញ់ប្រហារកើតឡើងនៅតំបន់ភាគខាងលិចទីក្រុង Marib ។ ក្នុងការបាញ់ប្រហារគ្នានោះ មានទាហានគាំទ្ររដ្ឋាភិបាល២២នាក់ស្លាប់ ចំណែកកម្លាំងទាហានហ៊ូធីវិញស្លាប់២១នាក់។
កម្លាំងទាហានក្រុមហ៊ូធី កាលពីខែកុម្ភៈ បានបើកការវាយប្រហារទ្រង់ទ្រាយធំដើម្បីគ្រប់គ្រងតំបន់ Marib ដែលជាទីតាំងចុងក្រោយរបស់ទាហានគាំទ្ររដ្ឋាភិបាល នៅភាគខាងជើងប្រទេសយេម៉ែន ។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ការបាញ់ប្រហារគ្នាបណ្តាលឲ្យភាគីទាំងសងខាងស្លាប់ជាច្រើន។
យេម៉ែនបានធ្លាក់នៅក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីចុងឆ្នាំ២០១៤ ក្នុងពេលកម្លាំងទាហានក្រុមហ៊ូធីដណ្តើមសិទ្ធិគ្រប់គ្រងតំបន់ភាគខាងលិចយេម៉ែន ហើយបង្ខំឲ្យរដ្ឋាភិបាលដែល អន្តរជាតិទទួលស្គាល់ របស់ប្រធានាធិបតី Abd-Rabbu Mansour Hadi ត្រូវចាកចេញពី រដ្ឋធានី Sanaa ។ សម្ព័ន្ធអារ៉ាប់ដឹកនាំដោយ អារ៉ាប៊ី សាអ៊ូឌីត បានចូលរួមដោយកម្លាំងយោធា ជួយដល់ប្រធានាធិបតីនៅឆ្នាំ២០១៥ ដើម្បីវាយប្រហារទៅលើក្រុមហ៊ូធី ៕
ដោយ ៖ ធីរីណា(រូបភាព៖ AFP/TTXVN)