ភ្នំពេញ៖ មិនដឹងថា ដោយសារគ្រឿងស្រវឹង ឬតណ្ហារុករោលនោះទេ ដល់ថ្នាក់ប្តីហេងស៊យ ដាច់ចិត្តលើកដៃសម្លាប់ប្រពន្ធចោលក្នុងព្រៃ ទាំងកណ្តាលអធ្រាត្រ គ្មានក្តីមេត្តា ភ្លេចអស់នូវបុណ្យបាប នរក ហើយទីបំផុត ! បាបកម្មមិនចាំជាតិក្រោយទេ ប្តីចិត្តអប្រិយក៏ត្រូវសមត្ថកិច្ចវែករកមុខឃើញ ឈានដល់ចាប់ឃាត់វ៉ៃខ្នោះបានភ្លាមៗ ដោយសារកម្មពៀរទាន់ហន់។
តាមពិតទៅអំពើឃាតកម្មនេះ មិនគួរកើតឡើងសោះ! ត្រឹមតែពាក្យខាងស្រីនិយាយថា ! មុខហ្អែងគ្មានលុយយកអញទៅដេកផ្ទះសំណាក់ទេ មានតែទៅដេកតាមព្រៃ , ក៏ខាងប្រុសជាប្តីខឹង ចងជាគំនុំ ដឹកនាងយកទៅក្នុងព្រៃទាំងកណ្តាលអធ្រាត្រ រួចក៏សម្លាប់ចោលតែម្តង។
សូមរំឮកថា, សមត្ថកិច្ចនគរបាលបានបំពេញកាតព្វកិច្ច តួនាទី ក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ជំនាញ បានក្តាប់មុខសញ្ញាបាន ឈានដល់បំបែកសំណុំរឿង ករណីឃាតកម្មគិតជាមុន និងឃាត់ខ្លួនបុរសម្នាក់ ជាសង្សារ (ប្តី-ប្រពន្ធ)ហេងស៊យ នៅព្រះសីហនុ បានតែប៉ុន្មានម៉ោងក្រោយធ្វើសកម្មភាពរួច។
សូមបញ្ជាក់ថា, កាលពីព្រឹកព្រលឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ សាកសពស្ត្រីជនជាតិខ្មែរ ម្នាក់ត្រូវបានគេប្រទះឃើញ នៅក្បែរព្រៃ ក្នុងជង្ហុកមួយកន្លែង ស្ថិតនៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលព័ត៌មានភ្លាម និងដោយមានការចង្អុលបង្ហាញដឹកនាំបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញទទួលផែនព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចុះមកពិនិត្យទីតាំងកើតហេតុខាងលើ ជាលទ្ធផល ៖
បានបញ្ជាក់ឲ្យដឹងថា, សាកសពជាស្រី្តខ្មែរម្នាក់ អាយុប្រហែល ៣០ឆ្នាំ ពាក់អាវយឺតដៃវែងពណ៌លឿង ខោស្ព័រកីឡាជើងវែង មានស្លាកស្នាមអារ.ក , ជាំភ្នែកខាងស្តាំ ,ជាំថ្គាមខាងឆ្វេង ,ជាំបបូរមាត់ផ្នែកខាងលើ (សាកសពពុំស្គាល់អត្តសញ្ញាណ) នាគ្រាដំបូង ហើយស្ថិតក្នុងការស្រាវជ្រាវដោយសមត្ថកិច្ចជំនាញដើម្បីវែករកមុខឃាតក ។
ឆ្លងតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី សមត្ថកិច្ចបានរកឃើញវិទ្យុទាក់ទងមួយគ្រឿង ម៉ាក MOTOROLA នៅក្នុងគ្រលុកថ្ម ក្បែរកន្លែងកើតហេតុ ។ ការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់សមត្ថកិច្ចកំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយបានធ្វើការឃាត់ខ្លួនសង្ស័យ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨ និង០០នាទី ។
សមត្ថកិច្ចក៏បានស្គាល់អត្តសញ្ញាណ ជនរងគ្រោះមានឈ្មោះ យឹង សៅ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ ស្រុកកំណើតភូមិត្រពាំងគគីរ ភូមិល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ដោយឡែកជនសង្ស័យជាឃាតក មានឈ្មោះ កែវ ថុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើតភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មករស់នៅក្នុង ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា, ជនសង្ស័យបានសារភាពថា ខ្លួនបានរួមរស់ជាមួយជនរងគ្រោះរយៈពេល២ឆ្នាំហើយ ដោយមិនបានរៀបការទេ មូលហេតុឈានដល់ការសម្លាប់ជនរងគ្រោះនេះ ដោយសារខ្លួននិងជនរងគ្រោះ តែងតែមានជម្លោះនឹងគ្នាសឹងរាល់ថ្ងៃ ហើយជនរងគ្រោះប្រើពាក្យសម្តីជេរប្រមាថតិះដៀលមកលើខ្លួន ។ រហូតដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២២និង០០នាទីយប់ ខ្លួនបានបបួលជនរងគ្រោះផឹកស៊ី រហូតដល់វេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ខ្លួនបានដឹកជនរងគ្រោះទៅដេកនៅផ្ទះសំណាក់ ខណ:នោះជនរងគ្រោះបានប្រើសម្តីថា មុខហ្អែងគ្មានប្រាក់នាំយើងដេកផ្ទះសំណាក់ទេ មានតែដេកក្នុងព្រៃ ។ ពេលនោះជនសង្ស័យបានជិះម៉ូតូចូលទៅកន្លែងកើតហេតុខាងលើ ដោយទ្រាំនឹងសម្តីជនរងគ្រោះមិនបាន ខ្លួនបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ប្រើឧបករណ៍សាកថ្ម វាយក្បាល, វាយភ្នែក , វាយមាត់ ,យកដៃច្របាច់ក បណ្តាលឲ្យសន្លប់ ហើយយកផ្លែឡាម អារ.ក រហូតដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់ នៅនឹងកន្លែងកើតហេតុ រួចក៏បានរត់គេចខ្លួនតែម្តង។
បើតាមលោក លី សុខហុី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់អង្គភាព”កាសែតនគរវត្ត”តាមទូរស័ព្ទនៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ថា, ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនជនសង្ស័យជាឃាតក ទៅសាលាដំបូងខេត្ត៕
ដោយ៖ ឆ្លាម សមុទ្រ