ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនមិនស្គាល់មុខបើកការ បាញ់ប្រហារមកលើបុរសម្នាក់បណ្តាលឲ្យ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ក្រុមជនមិនស្គាល់មុខមានគ្នាចំនួន៦នាក់ស្លៀកពាក់ ឯកសណ្ឋានជាសមត្ថកិច្ចបានជិះរថយន្ត បាញ់ប្រហារចំនួន៣គ្រាប់មកលើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពី ម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅ ចំណុចព្រំប្រទល់រវាងភូមិអូរស្រម៉ នឹង ភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុក អន្លង់វែង ។ 

  ប្រភពពីបុរសរងគ្រោះឈ្មោះ ប៊ិត បឿន អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិ កោះបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឱ្យដឹងថា គាត់បានមកស្នាក់នៅរកសុីទិញលក់ត្រីនៅភូមិគោក សំព័រ ឃុំលំទង ស្រុកអន្លង់វែង ។ ក្រោយពីមកលេងផ្ទះមិត្តភិក្តនៅ ទីរួមស្រុកអន្លង់វែង គាត់បានជិះម៉ូតូ ម្នាក់ឯងត្រឡប់មកផ្ទះវិញ ។ ខណៈ មកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តមួយគ្រឿងពាក់ស្លាកលេខពណ៌ក្រហម ( មិនចាំលេខ ) ជិះគ្នាចំនួន ៦នាក់ ( ស្លៀកពាក់ឯកសណ្ឋានជា សមត្ថកិច្ច ) បានបើកកៀរម៉ូតូរបស់គាត់ ឱ្យធ្លាក់ចូលប្រឡាយផ្លូវ ហើយក្រុមជនបង្កបានបាញ់ដោយកាំភ្លើងធុនAK47 មកលើខ្លួនជាជនរងគ្រោះចំនួន៣គ្រាប់ បណ្តាលឱ្យត្រូវ១គ្រាប់ចំត្រគាកខាងស្តាំ ធ្លាយមកភ្លៅខាងស្តាំ រងរបួសធ្ងន់។ 

ក្រោយពីបាញ់រួចមក ក្រុមជនបង្កបាន និយាយប្រាប់គ្នាថា បាញ់ច្រឡំមនុស្ស ហើយ រួចហើយក៏បានបើករថយន្តគេច ចេញពីកន្លែងកើតហេតុបាត់ទៅ ។ 

  បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបាន ប្រជាពលរដ្ឋបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង ដោយស្ថានភាព ជនរងគ្រោះមានរបួសធ្ងន់ មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖