ភ្នំពេញ៖ ដំណើរការនៃការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា គិតត្រឹមសប្ដាហ៍ទី២ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកមណ្ឌលចាក់វ៉ាក់សាំងទាំងអស់សរុបចំនួន ១០មណ្ឌលរួចហើយ ដែលរំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតប្រមាណ ១០ ០០០នាក់ ទៅ ១២ ០០០នាក់ក្នុងមួយថ្ងៃ។
ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លទ្ធផលនៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ទទួលបានលទ្ធផលដូចខាងក្រោម៖
– អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៥៣ ៦៩៣នាក់ (បរទេសចំនួន ២ ០៩៦នាក់)
– ចាក់បានចំនួន ៥១ ៨៣៣នាក់ (បរទេសចំនួន ២ ០៧៦នាក់)
– គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១ ៨៦០នាក់ (បរទេសចំនួន ២០នាក់)។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិត ដែលមិនទាន់បានចុះឈ្មោះចាក់វ៉ាក់សាំង សូមមេត្តារួសរាន់ចុះឈ្មោះជាមួយរដ្ឋបាលរោងចក្ររបស់ខ្លួន និងរង់ចាំទទួលកម្មវិធីផ្តល់វ៉ាក់សាំងតាមការរៀបចំរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
ដោយ ៖ សិលា