ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនដល់ផ្លូវបំបែកជា៤បានជ្រុលទៅបុករថយន្តកាមរីដែលបើកឆ្លងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹង តែ សំណាងល្អដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស គឺគ្រាន់តែខូចខាតរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ១០៨០កែងនឹងផ្លូវលេខ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយ៉ូតាកាមរីពណ៌ស ពាក់ស្លាកលេខ ឃ-7082 ភព២ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០០៧ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជា៤ ស្រាប់តែគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ឈាមជ្រូកពាក់ស្លាកលេខ ភ្នំពេញ2AB-3233 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៨០ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកចំពាក់កណ្តាលរថយន្តកាមរីពេញទំហឹងបណ្តាលឲ្យរថយន្តកាមរីរងការខូចខាតផ្នែកចំហៀងទ្វារខាងឆ្វេង ប៉ុន្តែសំណាងល្អដែរដែលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះមិនមានគ្រោះថ្នាក់ដល់ភាគីម្ចាស់រថយន្តទាំង២គ្រឿងនោះទេ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីរថយន្តបង្កព្រមសងជាសំណងទៅលើរថយន្តកាមរីដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ៖ ជ្រោយពេជ្រ