ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ម្សិលមុិញនេះ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញសេចក្ដីថ្លែងការណ៍រួមមួយដើម្បី សូមថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយអតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈសន្ទរកថានាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
តបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពង់របស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលសមាគមទាំងពីរ សូមទទួលយក និងអនុវត្តតាម ដោយធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមនូវគោលការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ដោយបានលើកលែងការបង់ការប្រាក់រយៈពេល២ខែ ហើយសម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័កនឹងផ្ដល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល៣ខែ។ ដោយឡែកក្នុងករណីចាំបាច់នានាដែលជាតម្រូវការរបស់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ សូមធ្វើការពិភាក្សាដោយផ្ទាល់ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។
សមាគមសូមបញ្ជាក់ជំហរជាថ្មីថា ក្នុងរយៈពេលដ៏លំបាកនេះ នឹងមិនមានការផាកពិន័យចំពោះអតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ ទេវតាឆ្នាំថ្មីគុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយថែរក្សាបីបាច់ជូនដល់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អតិថិជន និងសាធារណជនទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូរណ៏ និងជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ៕
ដោយ៖ វណ្ណៈ