ភ្នំពេញ៖ ប្រសិនបើមិនមានការប្រែប្រួលទេម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០២០ រ៉េត សារីតា នឹងចាកចេញពីកម្ពុជានៅចុងខែមេសាឆ្នាំ២០២១នេះទៅចូលរួមប្រកួតកម្មវិធីសម្រស់កញ្ញាឯកធំបំផុតនៅលើពិភពលោកគឺកញ្ញាឯកចក្រវាឡពិភពលោក២០២០ ដែលនឹងធ្វើឡើងនៅពាក់កណ្តាលខែឧសភា ខាងមុខនៅរដ្ឋFlorida សហរដ្ឋអាមេរិក។ មុនចាកចេញនាងបានបញ្ចេញឈុតប៊ីគីនីយ៉ាងសិចស៊ីធ្វើឲ្យអ្នកគាំទ្រកាន់តែមានទំនុកចិត្តកាន់តែខ្ពស់ថានាងពិតជាសាកសមតំណាងឲ្យកម្ពុជាចូលរួមប្រកួតកម្មវិធីសម្រស់ខាងលើ។
រ៉េត សារីតា ត្រូវបានក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា ដាក់ក្តីរំពឹងខ្ពស់ថា នាងនឹងសាងភាពលេចធ្លោលើឆាកប្រកួត មុនពេលឡើងយន្តហោះចេញទៅប្រកួតកម្មវិធីអន្តរជាតិលើកទី៦៩ នេះ នាងបានហ្វឹកហាត់លើជំនាញពាក់ព័ន្ធមួយចំនួនទាក់ទងនឹងវិស័យកញ្ញាឯកដើម្បីបង្កើនទំនុកចិត្តកាន់តែខ្ពស់។
រូបថតនៃឈុតប៊ីគីនី ប៉ុន្មានសន្លឹកចុងក្រោយដែលត្រូវបានបង្ហាញ កាន់តែធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំង ព្រោះតែទាំងរូបរាងរលោងស្រឡូន និងការច្នៃម៉ូតប៊ីគីនីដ៏ស្រស់ស្អាតសមទៅនឹងដងខ្លួននោះ។ អ្នកគាំទ្របានលាន់មាត់សរសើរមិនដាច់ពីមាត់អំពីសម្រស់ស្រស់សោភា អមដោយទេពកោលសល្យ ចំណេះដឹងដែលនាងមានកាន់តែធ្វើឲ្យក្រុមអ្នកគាំទ្រនាងជឿជាក់កាន់តែខ្លាំងពីវត្តមាននាងនៅលើឆាកអន្តរជាតិ។ អ្នកគាំទ្រក៏នៅបន្តរងចាំមើលរូបថតនៃឈុតតំណាងជាតិដែលត្រូវបានគ្រងលើកញ្ញាឯកពីកម្ពុជារូបនេះផងដែរ។
គួរបញ្ជាក់ដែរថា កញ្ញា រ៉េត សារីតាបានក្លាយម្ចាស់ជ័យលាភីដែលពោរពេញទៅដោយសមត្ថភាព និងសក្កដានុពលក្រោយឆ្លងកាត់ការតស៊ូ យ៉ាងស្វិតស្វាញលើវិស័យនេះ។
នាងមានវ័យ២៥ឆ្នាំមានមុខរបរ ជាពិធីការិនី និងតារាសម្តែង។
មុនពេលឈានជើងចូលប្រកួតកម្មវិធីដ៏ធំនេះនាងឆ្លងកាត់ការតស៊ូច្រើន ទម្រាំតែមកដល់ទីកន្លែងដែលជាក្តីស្រមៃមួយនេះបាន ដោយបូកបញ្ចូលទាំងការឆ្លងកាត់នូវភាពលំបាកល្វីងជូរចត់ជាច្រើនរាប់មិនភ្លេច ជាពិសេសគឺអំឡុងពេលប្រកួតចូលវិស័យសិល្បៈនេះតែម្តង។សារីតា បានបញ្ចប់ការសិក្សានៅសាលាThe private French primary school ផ្នែកបរិញ្ញាបត្រភាសាអង់គ្លេស ហើយ នាងក៏កំពុងបន្តការសិក្សាអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិថែមទៀតផង ។ នាងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ រួមទាំងភាសាបារាំងផងដែរ។ នាងនឹងក្លាយជាគំរូមួយសម្រាប់យុវនារីជំនាន់ក្រោយក្នុងការព្យាយាមសិក្សា បង្ហាញសមត្ថភាព ភាពក្លាយហាន ៕
ដោយ៖ វឌ្ឍនា