ក្រោយពេលបាត់ខ្លួនពីប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើនសប្តាហ៍ បង្កឲ្យមានពាក្យចចាមអារ៉ាមថា លោកបានស្លាប់នោះ នៅថ្ងៃទី ១២ខែមេសា ប្រធានាធិបតី Rodrigo Duterte បានបង្ហាញខ្លួនជាថ្មីក្រោយរយៈពេលជាង២សប្តាហ៍ ហើយការបង្ហាញខ្លួននោះគឺជាការបញ្ចប់ ពាក្យចចាមអារ៉ាមថាលោកស្លាប់ឬឈឺធ្ងន់។
សារព័ត៌មាន Straits Times បានដកស្រង់សម្តីលោក Duterte ដែលនិយាយឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមទាំងកំហិងថា «ប្រសិនបើចង់ឱ្យខ្ញុំឆាប់ងាប់ អ្នកត្រូវតែបន់ស្រន់ថែមទៀត»។ ជាមួយគ្នានេះដែរ លោកក៏បានបកស្រាយពីការមិនបង្ហាញខ្លួន គឺជាចេតនាឌឺដងដាក់ក្រុមប្រឆាំង។ លោកបញ្ជាក់ទៀតថា «ពូកគេកាន់តែឌឺដង ខ្ញុំកាន់តែចង់ឌឺដងដាក់វិញ»។
លោក Duterte បន្តទៀតថា លោក រស់នៅក្នុងវិមាន Malacanang ជាការិយាល័យប្រធានាធិបតី និងជាទីកន្លែងស្នាក់នៅរបស់លោកផងដែរ។ រយៈពេលកន្លងមក លោកក៏តែងតែ ចេញក្រៅដើម្បីរត់ហាត់ប្រាណក៏ដូចជា ជិះកង់ វាយកូនហ្គោល នៅពេលយប់។
អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនលោក Harry Roque បានបញ្ជាក់កាលពីថ្ងៃទី១២ខែមេសាថា
«ប្រធានាធិបតី មិនបានឈឺអ្វីឡើយ» ។ ប្រធានាធិបតីហ្វុីលីពីន បានបង្ហាញខ្លួនចុងក្រោយគេបង្អស់ នៅថ្ងៃទី ២៩ខែមេសា ក្រោយពេលលោកទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុន Sinovac របស់ចិន ។
ដោយសារតែអវត្តមាន ទើបមានពាក្យចចាមអារ៉ាមកើតឡើង ខណៈប្រទេសនេះ មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ មនុស្សមួយចំនួនថា លោកឆ្លងកូវីដ-១៩ ត្រូវព្យាបាល។ បច្ចុប្បន្នហ្វុីលីពីនមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ៨៧៦ពាន់នាក់និងស្លាប់ជាង១៥ពាន់នាក់ ៕ ដោយ៖ធីរីណា
រូបភាព៖ Reuters