ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព ៖ សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានកំណត់ខេត្តស្វាយរៀងបន្ថែមមួយទៀតជាភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច​រក្សាគម្លាតសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានថ្លែងថា, បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល នៅក្នុងខេត្តស្វាយរៀង ត្រូវអនុវត្តនូវការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលជាកាតព្វកិច្ច ដែលបានកំណត់ក្នុងប្រកាស ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ របស់ក្រសួងសុខាភិបាល!

លោករដ្ឋលេខាធិការបានបញ្ជាក់ថា, ទណ្ឌកម្មដែលមានចែងក្នុងអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នឹងត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តស្វាយរៀង!

ជារួមគិតត្រឹមពេលនេះ រាជធានីខេត្តចំនួន៦ ហើយដែលត្រូវបានកំណត់ជាភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច​រក្សាគម្លាតសុវត្ថិភាព រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តស្វាយរៀង។

បើទោះបីជា កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ពុំទាន់អនុវត្តទូទាំងប្រទេសក៏ដោយ សូមបងប្អូនមេត្តាចង់ចាំថា ការរក្សាសុខភាពផ្ទាល់ខ្លួន សុខភាពគ្រួសារ និងសុខភាពសង្គមជាតិយើង គឺជាកាតព្វកិច្ចដ៏មានសារៈសំខាន់បំផុត សម្រាប់យើងម្នាក់ៗ ក្នុងកាលៈទេសៈនៃការរាលដាលវីរុសកូវីដ-១៩ ក្នុងមាតុប្រទេសយើង!

សង្ឃឹមជឿជាក់ថា យើងនឹងធ្វើបានទាំងអស់គ្នា! ៕

ដោយ៖ សិលា


ចែករំលែក៖