ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់កំពុងបើកបរត្រាក់ទ័រភ្ជួរដីស្រាប់តែជាន់មីនតោនផ្ទុះស្លាប់នៅស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡបានឱ្យដឹងថាមានករណីផ្ទុះគ្រាប់មីនសល់ពីសម័យសង្គ្រាមបានកើតឡើងនៅរសៀលថ្ងៃទី ១៣​ ខែមេសា ឆ្នាំ២០​២១​ ត្រង់ចំណុចអារី ក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

បុរសរងគ្រោះមាន​ឈ្មោះស៊ឹម ស៊ូ អាយុ៥២ឆ្នាំ រស់​នៅភូមិប៉ែន ឃុំរបស់មង្គល ស្រុកមោងឫស្សី។ មុនគ្រោះថ្នាក់កើតឡើងជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យឪពុកក្មេកនៅចំណុចកើតហេតុក៏ស្រាប់តែជាន់មីនតោនដែលកប់នៅក្នុងដីបណ្តាលឱ្យផ្ទុះកក្រើកដីរងរបួសធ្ងន់តែម្តង ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកឯត្រាក់ទ័រប៉ើងក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។

លោកវរសេនីយ៍ឯក​ ប៉ាង​ ហៀង​ អធិការនគរ​បាលស្រុក​គាស់ក្រឡបានបញ្ជាក់ថា​ចំណុចកេីតហេតុខាងលើនេះជាអតីតសមរភូមិប្រយុទ្ធគ្នា​ខ្លាំង ហេីយដីដែលជនរងគ្រោះបានភ្ជួររាស់នេះគឺជាដីថ្មី​ដែលឪពុកក្មេករបស់គាត់ទេីប​កាប់ឆ្ការរានថ្មីរួចចុះភ្ជួរជាលេីកដំបូង​ទើបជួបគ្រោះថ្នាក់បែបនេះ។

លោកអធិការបន្ថែមថា​ នៅលើទីតាំងកើតហេតុនេះដែរកន្លងមកខាងអង្គភាពជំនាញដោះមីនមិនទាន់បានរុករក​ បោសសម្អាតនៅឡេីយ​។ ចំពោះបញ្ហាគ្រោះថ្នាក់នេះ​លោកនឹងរាយការណ៍ទៅអង្គភាព​CMAC ដេីម្បីឱ្យជួយអន្តរាគមន៍បោសសម្អាតនៅពេលក្រោយ៕

ដោយ៖ស សារ៉េត


ចែករំលែក៖